ភ្នំពេញៈ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមដងផ្លូវមុខផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រធានផ្សារជម្ពូវ័នម្នាក់ មានឈ្មោះលាភ ប៊ុន រិទ្ធ ដែលគេស្គាល់ថា ជាបងប្អូនជីដូនមួយ អភិបាលរាជធានីភ្នំពេញ ទើបឡើងកាន់តំណែង ក្រោយពីលោកឡើងធ្វើជាចៅហ្វាយក្រុង។ បានប្រើអំណាចផ្តាច់ការ ដោយបានបញ្ជាឱ្យក្រុមសន្តិសុខឃាត់ខ្លួន បុគ្គលិកកាសែតកោះសន្តិភាពម្នាក់ និងដកយកទូរស័ព្ទលុបរូបចោល ខណៈពេលដែលអ្នកយកព័ត៌មានថតរូប ពីសកម្មភាពទាស់ទែងគ្នា លើដងផ្លូវសាធារណៈ ក្នុងការរៀបចំសណ្តាប់ធ្លាប់ និងការលក់ដូរនៅលើដងផ្លូវ យ៉ាងអនាធិបតេយ្យ។

នៅមុនពេលកើតហេតុ មានរថយន្តកាមរីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២D-៦៦៨៣ ចតតាមបណ្តោយផ្លូវនៅមុខផ្សារ ធ្វើអោយបាត់បង់សណ្តាប់ធ្លាប់ ហើយកម្លាំងសន្តិសុខប្រមាណ៤ទៅ៥នាក់ ទៅរៀបចំសណ្តាប់ធ្នាប់ឱ្យយកចេញ តែម្ចាស់រថយន្តមិនព្រមយកចេញ និងបានប្រាប់ថា ចតចូលផ្សារតែមួយភ្លែតនោះទេ គាត់ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯក ព្រមទាំងដកកាតបង្ហាញ គឺសុំចតមួយភ្លែតទៅវិញហើយ ។

តាមព័ត៌មានឱ្យដឹងទៀតថា នៅព្រឹកនោះក៏មានទំនាស់គ្នាបែកផ្សែង រវាងកម្លាំងសន្តិសុខ និងមន្ត្រីយោធារូបនោះ។ ខណៈនោះអ្នកយកព័ត៌មានកោះសន្តិភាពម្នាក់ បានជិះម៉ូតូឆ្លងកាត់ ក៏បានថតពីសកម្មភាពទាស់គ្នាបែកផ្សែងនេះ ក្នុងគោលបំណងល្អនោះទេ។ ទន្ទឹមការទាស់គ្នានោះ បុរសម្នាក់មាឌធំខ្មៅ ដែលគេស្គាល់ថា ប្រធានផ្សារជម្ពូវ័ន បានទៅសម្របសម្រូល ហើយអ្នកសារព័ត៌មានក៏បានថតពីសកម្មភាព តែត្រូវបានលោកប្រធានផ្សារដ៏មានអំណាចសួរនាំ មកពីខាងណាថត គ្មានការអនុញ្ញាតពីអញប្រធានផ្សារ និងគំរាមឱ្យលុបរូបចោល ទោះបីបានប្រាប់ថា មកពីអង្គភាពណាក៏ដោយ។

ខណៈនោះ អ្នកយកព័ត៌មានមិនបានលុបចោលនោះទេ ព្រោះការថតនោះទីសាធារណៈ និងបន្តថតពីការលក់ដូរ នៅតាមដងផ្លូវបណ្តាលឱ្យបាត់បង់សណ្តាប់សាធារណៈ ហើយត្រូវបានប្រធានផ្សារដ៏មានអំណាច និងអាងខ្នងនោះ បញ្ជាឱ្យក្រុមសន្តិសុខ ចាប់ក្រៀកអ្នកយកព័ត៌មាននាំទៅស្នាក់ការ និងដកហូតយកទូរស័ព្ទដើម្បីលុបរូបចោល។
ដោយសាតែមានការអន្តរាគមន៍ លុះក្រោយមកលោកប្រធានផ្សារ ឈ្មោះ លាភ ប៊ុនរិទ្ធ និងឈ្មោះ ធិត ធិន គឺជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សផងដែរ ក៏បានសម្របសម្រួល និងបានសុំទោស។ ការសុំទោសនោះ មិនអាចទទួលយកបាននោះទេ ហើយបុគ្គលិកកោះសន្តិភាពម្នាក់នោះ ដែលថតនៅទីសារធារណៈប្រាប់ថា ខ្ញុំគ្មានទោសឱ្យលោកទេ គឺអ្នកដែលមានខ្លួនទេ ដែលព្យាយាមបិទបាំងរឿងអាក្រក់ និងភាពកោងកាចរបស់ខ្លួន ខ្លាចគេថតរូបផ្សព្វផ្សាយពីរឿងអាស្រូវរបស់ខ្លួន។

ការរារាំងថតរូប នៅទីសាធារណៈនេះ ចាត់ទុកជាការបិទសិទ្ធិសេរីភាពសារព័ត៌មានរបស់បុគ្គលមួយចំនួន ដែលអាងអំណាចនិងអាងខ្នង។ ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីទៅស្នាក់ការនោះ លោកប្រធានផ្សារ ដែលមានមាឌប៉ិនក្របីព្រៃ និងជាអនុប្រធានផ្សារបានសម្លុតឱ្យអង្គុយស្ងៀម ដោយគំរាមតាមអំណាច។ បន្ទាប់មក ក្រោយពីមានប្រតិកម្មពីក្រុមអ្នកកាសែតកោះសន្តិភាពពីគ្រប់ខណ្ឌ ទើបលោកប្រធានមាឌយក្សធ្វើការសម្របសម្រួល និងសុំទោសដោយសារតែមិនដែលស្គាល់គ្នា…៕