សូមមេត្តាជួយស៊ែរ !! ដើម្បីបំពេញក្រពះកូនៗ ម្តាយសុខចិត្តប្រថុយគ្រប់បែបយ៉ាង ស្ត្រីកំសត់ម្នាក់គាត់បានឡើងដើមត្នោតក្នុងភូមិរាលថ្ងៃ ដើម្បីយកទឹករំងាស់ស្ករលក់យកប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូនដ៏កម្សត់របស់គាត់.....
-

ខេត្តកំពង់ឆ្នាំង៖ ដើម្បីចិញ្ចឹមជីវិតត្រូវតែតស៊ូ”ស្ត្រីមេម៉ាយកូន២”ខំប្រឹងទាំងត្រដាបត្រដួសដើម្បីរស់ ! ព្រលឹមស្រាងៗ ស្ត្រីមេម៉ាយទុរគតមួយរូប បានទុកកូនប្រុសតូច២នាក់ចោលនៅក្នុងខ្ទមស្លឹកតូចមួយ ហើយម្នីម្នារែកបំពង់ទៅឡើងដើមត្នោតក្នុងភូមិ ដើម្បីយកទឹករំងាស់ស្ករលក់យកប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូនដ៏កម្សត់របស់នាង ។

ជីវិតស្ត្រីមេម៉ាយកូន២ របរឡើងត្នោតអាចចិញ្ចឹមពួកគាត់បានទេ?នេះគឺជីវិតស្ត្រីមេម៉ាយក្រខ្សត់ម្នាក់ត្រដររស់និងកំពុងប្រកបរបរប្រថុយដល់អាយុជីវិត សុខចិត្តឡើងត្នោត ដែលមិនមែនជាជំនាញរបស់ខ្លួនជាស្រី ប្តូរមកវិញនូវប្រាក់កម្រៃបន្តិចបន្តួច ដែលមិនសក្តិសមទៅនឹងកម្លាំងពលកម្ម ក្នុងការប្រថុយជីវិតយ៉ាងនោះទេ ។ ប៉ុន្តែមិនដឹងថាត្រូវទៅធ្វើអ្វីផ្សេងពីនេះឱ្យបានប្រាក់ ហើយថាតើមានស្ត្រីប៉ុន្មាននាក់ ដែលចង់ធ្វើបែបនេះ ? ក្នុងវ័យទើបតែ៣៣ឆ្នាំ ស្ត្រីមេម៉ាយ ញ៉ឹក ចំរើន រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ថា នាងមានបងប្អូន៦នាក់ គាត់ជាបងបង្អស់ ម្តាយបានស្លាប់ចោល ឪពុកនៅរស់ តែបែកទៅរស់នៅជាមួយប្រពន្ធក្រោយ ។ កាលដែលឪពុកនៅជាមួយ ពុកជាអ្នកឡើងត្នោត ។ យូៗម្តងឪពុកបានប្រើគាត់ឱ្យឡើងត្នោតជំនួសម្តងម្កាល ។ លុះឪពុកបែកទៅមានប្រពន្ធក្រោយ នាងគ្មានមុខរបរអ្វីធ្វើ ក៏ឡើងត្នោតដើម្បីចិញ្ចឹមជិវិតនិងកូនៗតពីឪពុក ហើយការចាប់មុខរបរនេះទើបតែមួយឆ្នាំនេះទេ ។ ចំពោះជីវភាពប្រចាំថ្ងៃនេះ នាងត្អូញត្អែរថា ខ្វះខាតខ្លាំងណាស់ ព្រោះត្នោតធ្វើមិនសូវចេញទឹក បានស្ករក្នុង១ថ្ងៃតែ២គីឡូក្រាមទេ លក់បានត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ។


រហូតដល់ម៉ោងជាង៨ព្រឹក ទើបការងារដ៏ប្រថុយប្រថានគ្រោះថ្នាក់នេះបានរួចរាល់ និងរែកទឹកត្នោតជាច្រើនបំពង់ត្រឡប់មកផ្ទះវិញ ។ ជួលកាលពេលភ្ញាក់ពីដំណេករកម្តាយមិនឃើញ កូនៗរបស់នាងដឹកដៃគ្នាទៅតាមរកម្តាយដល់ដើមត្នោត ។ ជួនពេលខ្លះទៀតនៅមិនអស់ងងុយ កូនប្អូនបន្តដេកលង់លក់លើដីក្បែរគល់ត្នោតរង់ចាំម្តាយដែលមើលទៅគួរឱ្យអាណិតខ្លោចចិត្តទម្រាំចុះពីលើដើមត្នោតវិញ ។


ជាចុងក្រោយស្ត្រីមេម៉ាយទុរគតបានលើកម្រាមដៃដប់ សូមក្តីមេត្តាពីសប្បុរសជនជិតឆ្ងាយ និងអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត សូមមេត្តាជួយគាត់ឱ្យបានជម្រកស្នាក់នៅសមរម្យ ជួយធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតគាត់ និងកូនផង ព្រោះកូនគាត់តាំងពីកើតទាំង២នាក់ ក៏គ្មានសំបុត្រកំណើតដែរ ។ បើមានឯកសារទាំងនេះ គាត់និងសុំគេចូលធ្វើការនៅរោងចក្រ ។ ម្យ៉ាងវិញទៀតអំពាវនាវសូមសប្បុរសជន មេត្តាជួយធ្វើអណ្តូងទឹក១ ព្រោះសព្វថ្ងៃ ទៅសុំដងអណ្តូងទឹកគេឆ្ងាយពីផ្ទះណាស់ និងចុងក្រោយសុំកង់១គ្រឿងសម្រាប់ឱ្យកូនទៅរៀនផង ទុកសម្រាប់ទៅដឹកអុសផង ។ វាចាដែលបង្ហូរចេញពីស្ត្រីមេម៉ាយរូបនេះពិតជាធ្វើឱ្យយើងទាំងអស់គ្នារំជួលចិត្តពន់ពេកណាស់ ហើយនេះជាការតស៊ូក្នុងជីវិតជាស្ត្រីភេទម្នាក់ ដែលមិនមានវាសនាល្អដូចស្ត្រីគេដទៃ បែរជាផ្ញើវាសនាលើចុងត្នោត ។