ក្រុងព្រះសីហនុ : រថយន្តមួយគ្រឿង ត្រូវបានដែកបំពង់ទីបក្នុងការដ្ឋានសំណង់មួយកន្លែងនៅជិតសាលាខេត្តព្រះសីហនុ(ការដ្ឋានសំណង់ The Sea Gate ) ធ្លាក់លើចាក់ធ្លុះចូលដល់កន្លែងអង្គុយ កាលពីម៉ោងជិត១រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែចាត់ទុកថាសំណាងដែលមិនមានមនុស្សរងគ្រោះថ្នាក់ ដោយសារអ្នកជិះក្នុងរថយន្ត ត្រង់កៅអីដែលដែកធ្លាក់លើនោះបានចេញផុតពីរថយន្តបន្តិច ពិសេសសំណាងអ្នកបើកបររថយន្តផ្ទាល់ដែលរួចផុតពីគ្រោះថ្នាក់នេះ។
ករណីនេះអាចនិយាយបានថាជាការធ្វេសប្រហេសរបស់មេការឬជាងសំណង់នៅក្នុងការដ្ឋាន ហើយករណីដូចគ្នានេះ នៅតាមការដ្ឋានសំណង់មួយចំនួនទៀត ក្នុងក្រុងព្រះសីហនុ កន្លងមកក៍ធ្លាប់មានសេចក្តីរាយការណ៍ពីពលរដ្ឋអ្នកជិតខាងថាមានការធ្លាក់ថ្ម ឈើឬដែកមកក្រោមប៉ះពាល់ដល់អ្នកជិតខាងជាបន្តបន្ទាប់ដែរ។
ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកទទួលខុសត្រូវការដ្ឋានសំណង់នានាគប្បីបង្កើនការប្រុងប្រយត្ន័ដោយប្រើប្រពន្ធ័បច្ចេកទេសដាក់សំណាញ់ឬរបាំងការពារអោយបានត្រឹមត្រូវ ក្នុងនោះការចុះត្រួតពិនិត្យជាប្រចាំទៅលើការដ្ឋានសំណង់នានា ពីអជ្ញាធរមានសមត្ថកិច្ចក៍ជាកិច្ចការចាំបាច់ដែរ។
គ្រប់ហេតុការដែលកើតឡើង បើរបស់របរសម្ភារៈខូចខាតអាចសងសំណងបានងាយស្រួលបន្តិច ប៉ុន្តែបើធ្ងន់ធ្ងរប៉ះពាល់អាយុជិវិតមនុស្ស ការដោះស្រាយតាមវិធីណាក៍ដោយទំនងជាជួបការលំបាក៕





