នគបាលខណ្ឌចំការមន បានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ដែលជាបុគ្គលិក របស់ក្រុមហ៊ុន អចលនទ្រព្យមួយ មានឈ្មោះ Business Channel Cambodia ទៅកាន់តុលាការ​ ក្រោយពីពួកគេបាននាំគ្នាចូលទៅ ក្នុងផ្ទះវីឡាមួយកន្លែង ដែលមានតម្លៃរហូតទៅដល់.....!!!
-

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​​ម្សិលមិញ នគបាលខណ្ឌចំការមន បានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ដែលជាបុគ្គលិក របស់ក្រុមហ៊ុន អចលនទ្រព្យមួយ មានឈ្មោះ Business Channel Cambodia ទៅកាន់អយ្យការ​អម​ សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ ក្រោយពីពួកគេបាននាំគ្នាចូលទៅ ក្នុងផ្ទះវីឡាមួយកន្លែង ដែលមានតម្លៃរហូតទៅដល់ចំនួនជាង១លានដុល្លារ ដើម្បីទាមទារលុយថ្លៃ កុំមីស្យុង ហើយម្ចាស់ផ្ទះ ម្នាក់ បានប្តឹងសមត្ថកិច្ចថា «ពួកគេបានចូលផ្ទះ ដោយគ្មានការអនុញ្ញាតិ និងគំរាមកំហែង» ។

នៅមុនពេលហេតុការណ៍ កាលពីវេលាម៉ោង១០ៈ៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡា លេខ៤៥ផ្លូវ លេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មានក្រុមបុគ្គលិក របស់ក្រុមហ៊ុនអចលនទ្រព្យមួយ មានឈ្មោះ Business Channel Cambodia ចំនួន៤នាក់ បាននាំគ្នាមកកាន់ផ្ទះវីឡាមួយកន្លែងខាងលើ ដោយបុរសចំនួន៣នាក់ បានចូលទៅខាងក្នុង និងម្នាក់ទៀតឈរចាំខាងក្រៅរបងមុខផ្ទះ។ ពេលដែលពួកគេទាំង៣នាក់ បានចូលទៅខាងក្នុងផ្ទះវីឡានោះ ក៏បានជួបជាមួយនឹងបុរសម្នាក់ ដែលជាម្ចាស់ផ្ទះថ្មី ដែលទើបនឹងទិញពីគេ និងកំពុងតែឈរមើលការខុសត្រូវកម្មករធ្វើការក្នុងផ្ទះ។

ពេលនោះបុរសទាំង៣នាក់ ក៏បានធ្វើការសួរនាំរឿងលុយ កុំមីស្យុង របស់ពួកគេ ជាមួយនឹងបុរសម្ចាស់ផ្ទះថ្មី ដែលទើបនឹងទិញពីគេ ដែលពួកគាត់បានដឹងថា ផ្ទះវីឡាមួយនេះ មានតម្លៃរហូតទៅដល់ជាង១លានដុល្លារឯណោះ តែសម្រាប់លុយ កុំមីស្យុង ដែលពួកគេមកទារពីគាត់នាពេលនេះ មិនទាន់ដឹងថាប៉ុន្មានទេ។ ពេលនោះ មានការជជែកគ្នាតឹងសរសៃ.ក ហើយបុរសជាម្ចាស់ផ្ទះបានប្តឹងទៅ នគរបាលប៉ុស្តិ៍ប្រាប់ថា មានគេចូលផ្ទះ ដោយគ្មានការអនុញ្ញាតិ និងគំរាមកំហែងដល់ក្នុងផ្ទះរបស់ខ្លួន ក្រោយមកសមត្ថកិច្ច បានឃាត់ខ្លួនបុរសទាំង៣នាក់តែម្តង ទៅកាន់នគរបាលប៉ុស្តិ៍ទួលទំពូងទី២ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នឹងត្រូវបានបន្តបញ្ជូនមកកាន់តុលាការ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​​ម្សិលមិញ ៕