ខេត្តតាកែវៈ កាលពីវេលាម៉ោង១៨ៈ២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីយោធាម្នាក់ មានឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះជិតគ្នា មានមុខរបរមន្ត្រីយោធាសឹករងតាកែវ។ បានរងរបួសធ្ងន់ខណៈពេលដែលជនសង្ស័យជាមនុស្សញៀនថ្នាំម្នាក់ មានឈ្មោះ សង សារ៉ាត់ ហៅឆិច ភេទប្រុសអាយុ២៤ឆ្នាំរស់ នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ។ បានយកកាំបិតមកអា ក ដើម្បីជំរះគំនុំចាស់។

បើតាមប្រភពពីអ្នកជិតខាង បានបញ្ជាក់ថា ជនសង្ស័យទើបចេញពីជក់សារធាតុញៀន នៅព្រៃខាងកើតផ្ទះ ក៏ដើរចូលទៅផ្ទះជនរងគ្រោះ កំពុងអង្គុយលើកៅអីមើលទូរទស្សន៍ នៅក្នុងផ្ទះសុខៗ ស្រាប់តែជនសង្ស័យទៅផ្ទះរបស់គេ យកកាំបិតកញ្ចែតចូលទៅអារ ក ជនរងគ្រោះឆៅៗដោយពុំដឹងខ្លួន បណ្តាលឲ្យមានរបួសធ្ងន់នៅត្រង់កផ្នែកខាងមុខនឹងរបួសស្នាមនៅប្រអប់ដៃឆ្វេង។ ឃើញដូចនោះឈ្មោះ ម៉ុក សោភា ជាប្រពន្ធ និងឈ្មោះ ប៉ូ ពិសី ជាកូនស្រីបានចូលទៅជួយចាប់ ជនសង្ស័យបានជាមួយនិងវត្ថុតាងនៅខាងមុខផ្ទះ។

នៅមុខសមត្ថកិច្ចជនសង្ស័យបានបញ្ជាក់ថា ខ្លួនមានគុំនំជាមួយជនរងគ្រោះ ជាយូរមកហើយ ដោយជនរងគ្រោះធ្វើអំពើដាក់គេ។ជាលទ្ធផលជំនាញបានធ្វើតេស្តទឹកនោម ឃើញមានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យក្នុងករណីបង្កហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់ ៕