ខេត្តកំពតៈ តាមប្រភពការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨ កំលាំងនគរបាលចរាចរចំនួន៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក កៅ ជា នាយផ្នែកសណ្តាប់ធ្នាប់ បានដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣-៣៤ លើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

លុះដល់វេលាម៉ោង៤ៈ១០នាទីរសៀលថ្ងៃដដែល ពេលកំលាំងសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យនោះ ក៏មានការសង្ស័យទៅលើម៉ូតូសិស្សសាលាមួយគ្រឿង ដែលជិះឌុបគ្នា៣នាក់ ហើយនៅពេលកំលាំងសមត្ថកិច្ចកំពុងឃាត់ម៉ូតូ ដើម្បីត្រួតពិនិត្យ ស្រាប់តែមានសិស្សម្នាក់បានចុះរត់ ដោយកំលាំងសមត្ថកិច្ចរត់តាមមិនទាន់ក៏បានគេចខ្លួនបាត់ នៅសល់តែសិស្សពីរនាក់ និងម៉ូតូមួយគ្រឿងតែប៉ុណ្ណោះ។
ប្រភពបានបន្តថា ឃើញសភាពបែបនេះសមត្ថកិច្ចមានការសង្ស័យក៏ឆែកឆេរម៉ូតូបានប្រទះ ឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន នៅក្រោមកែបម៉ូតូ ចំនួន៣កញ្ចប់តូច។ ពេលនោះកំលាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យជា សិស្សទាំងពីរនាក់ រួមនឹងវត្ថុតាងតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ជនសង្ស័យខ្លួនទាំង២នាក់ ដែលកំលាំងសមត្ថកិច្ចឃាត់ខ្លួនខាងលើ ម្នាក់ឈ្មោះគិន កែវ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស និងម្នាក់ទៀតឈ្មោះ ច្រឹង ប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស។ ជនសង្ស័យទាំង២នាក់ រស់នៅភូមិឃ្លាំងខាងត្បូង ឃុំភ្នំប្រាសាទ ស្រុកកំពុងត្រាច ខេត្តកំពត។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនផ្នែកសមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តដើម្បី ចាត់ការបន្តតាមនីតិវិធី ៕
