ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងមូលដ្ឋានគ្រប់បណ្ដាខណ្ឌ ឃើញមានការកកស្ទះសំរាមជាច្រើន ដោយសារបុគ្គលិក ស៊ិនទ្រី ជាង២ពាន់នាក់ បានធ្វើកូដកម្មតម្លើងប្រាក់ខែ ហើយគ្មានកម្លាំងសំអាត។

នេះបើយោងតាមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រជាការពារខណ្ឌសរុប៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន៤គ្រឿង ត្រាក់ទ័រចំនួន១គ្រឿង រថយន្តរដ្ឋបាលខណ្ឌ៤គ្រឿង ម៉ូតូកង់បីរបស់រដ្ឋបាលខណ្ឌចំនួន៤គ្រឿង បានចេញប្រមូល និងដឹកជញ្ជូនសំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ៕



