ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កាំជ្រួចបច្ចេកវិទ្យាទំនើប ចំនួន៤កុងតឺន័រ ឧត្ថម្ភពីប្រទេសចិន នឹងបាញ់អបអរសាទរ ដែលមិនធ្លាប់ពីមុនមកនៅកម្ពុជា ។

កម្មវិធីបាញ់កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់មាន នៅថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ នឹងធ្វើឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ខណៈ កាំជ្រួច៤កុងតឺន័រ ចិនជាអ្នកឧបត្ថម្ភ ។ ជាមួយគ្នានេះដែរ កាំជ្រួចបច្ចេកវិទ្យាទំនើបនេះ ក្នុង១នាទីបាញ់ចេញជាង១០០០គ្រាប់ ។
ក្នុងកិច្ចប្រជុំអនុគណៈកម្មការរៀបចំពិធីតាំងពិព័រណ៍ ការប្រគំតន្ត្រីសម្ពោធវិមានឈ្នះឈ្នះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុន មានប្រសាសន៍ថា “គ្រប់ទេសចរ និងប្រជាពលរដ្ឋខ្មែរដែលមិនចូលទស្សនាព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ដល់ ថ្ងៃទី៣១ខែធ្នូ នឹងមានការស្តាយក្រោយ ដោយសារមិនបានទស្សនាដោយផ្ទាល់ចំពោះការបាញ់កាំជ្រួចទំនើប អមដោយបទភ្លេងតាមបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក ចំនួនប្រមាណជាង៤កុងតឺន័រ” ។

លោកបន្ដថា កាំជ្រួចដែលបាញ់តាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងត្រូវបាញ់រយៈពេល៣ថ្ងៃ ដោយថ្ងៃទី២៩ ធ្នូ នឹងចាប់ផ្តើមបាញ់នៅម៉ោង៧យប់ ចំនួន៤៥នាទី។ ថ្ងៃទី៣០ធ្នូ នឹងត្រូវបាញ់ចំនួន៣០នាទី វេលាម៉ោង៧យប់។ ដោយឡែក នៅថ្ងៃទី៣១ ដែលជាថ្ងៃឆ្លងឆ្នាំសកល នឹងត្រូវបាញ់ចំនួន៦០នាទី នៅម៉ោងជិត១២យប់។
លោកបន្ថែមថា គ្រប់កាំជ្រួចដែលមានបច្ចេកវិទ្យាទំនើបនេះ ឧបត្ថម្ភដោយរដ្ឋាភិបាលចិន។ ការបាញ់កាំជ្រួចនេះ នឹងត្រូវធ្វើឡើងរៀងរាល់១៥នាទីម្តង ហើយបានប្រើប្រាស់កងកំលាំងរៀបចំដំឡើងបាញ់ប្រមាណជិត១០០នាក់ផងដែរ៕

