ស្វាយរៀងៈ កាលពីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។ មន្រ្ដីកាំកុងត្រួលបានចុះពិនិត្យទំនិញ ចំណីអាហារ ដែលនាំចូលពីប្រទេសវៀតណាម។ លទ្ធផលក្រោយចុះអនុវត្តការងារ មន្ត្រីជំនាញ បានដកហូតនំស្នូលសណ្តែកបន្ទះ ចំនួន៣គីឡូក្រាម មានផ្ទុកសារធាតុគីមី Borax ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ហើយនំទាំងនោះ មន្ត្រីធ្វើការកំទេចចោលភ្លាមៗផងដែរ។

ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានបញ្ជាក់ថា សារធាតុ Borax នេះ គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីក ធ្វើឲ្យបែកឈាម តាមរោមយ៉ាងធ្ងន់ធ្ងរទៀតផង។ លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត ៕


