នេះជាលទ្ធផលជិះលឿនមិនប្រយ័ត្ន! បុរស២នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្ដកំពុងឆ្លងផ្លូវ រងរបួសធ្ងន់ទាំង២
-

ភ្នំពេញ៖ បុរសពីរនាក់បានរងរបួសបែកមុខមាត់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ដមួយគ្រឿងកំពុងបើកឆ្លងផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបវត្តសន្សំកុសល់ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-6370 បានធ្វើដំណើរចេញពីរង្វង់ផ្សារដើមថ្កូវឡើងមកផ្លូវលេខ២៧១ និងបានបទឆ្វេងឆ្លងផ្លូវ។ ខណៈនោះស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូមួួយគ្រឿងឌុបគ្នាម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-7182 ធ្វើដំណើរតឆមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿននិងមិនប្រយ័ត្នជ្រុលមកបុករថយន្ដចំពីចំហៀង បណ្ដាលឲ្យម៉ូតូដួល និងរងរបួសទាំងពីរនាក់ ចំណែកម៉ូតូនិងរថយន្ដរងការខូចខាតផងដែរ។

ក្រោយពីកើតហេតុ រថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះទាំង២នាក់ខាងភាគីម៉ូតូដើម្បីព្យាបាលរបួស រីឯរថយន្ដនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

ដោយៈ ភារ៉ា