ឃាត់ខ្លួនជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា ក្នុងខេត្ត​ព្រះ​សីហ​នុ
-

ព្រះ​សីហ​នុៈ កាលពី​វេលា​ម៉ោង​១៩ៈ៥០​នាទីយប់ ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១៨ នៅ​ក្រុម​ទី​៦ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ មានឈ្មោះ ZHANG HONG ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ EE៧២៨៥៨០៧ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ត្រូវ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា ទៅលើបុរសម្នាក់ មានឈ្មោះ LIN YONGFEI ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ វិស្វករ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​រង​របួស​ស្នាម​ជាំ​នៅ​កញ្ចឹងក។

បើ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិចុះផ្សាយ​​ថា ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់ ជា​ជនជាតិ​ចិន​ បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ ជា​ជនជាតិ​ចិន ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ មានកូន​កាំបិត​ស្នៀត​១​ដើម និង​កាំភ្លើងខ្លី​១​ដើម ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​វាយ និង​យក​កាំភ្លើង​ភ្ជង់​គម្រាមកំហែង​ជីវិត​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត ក៏​ត្រូវ​កម្មករ​របស់​ជន​រង​គ្រោះ​ឃើញ ហើយ​មានការ​ឆោ​រ​ឡោ​ឡើង ពេលនោះ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២ បាន​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់ ។

វត្ថុ​តាង​ចាប់​យក​បាន មានកូន​កាំ​ប៉ិត​ស្នៀត​០១​ដើម​ (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​)​។ ចំពោះ​ជនសង្ស័យ០២​នាក់ ដែល​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕