ក្របី​ឡើងក​១ក្បាល ត្រូវម្ចាស់បញ្ជាឲ្យសមត្ថកិច្ចបាញ់សម្លាប់ ក្រោយពីវាដើរ​វ័ធ​មនុស្ស២នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ១គ្រឿង
-

កំពង់ឆ្នាំងៈ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ សត្វក្របី​ឡើងក​១ក្បាល ត្រូវម្ចាស់បញ្ជាឲ្យសមត្ថកិច្ចបាញ់សម្លាប់ ក្រោយពីវាដើរ​វ័ធ​មនុស្ស២នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ១គ្រឿង។ 

លោក ណុប សារ៉ាត់ អាយុ៤៦ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ម្ចាស់​ក្របី បាន​ឲ្យ​ដឹងថា លោក​ជា​អ្នករកស៊ី​ទិញ​លក់​គោក្របី ដោយ​កាលពី​ថ្ងៃទី៤ ខែមករា លោក​បាន​ទិញ​ក្របី​ស្ទាវ​មួយ​ក្បាល​នេះ​ ពី​ភូមិ​ជរ ឃុំ​ប្រ​ស្នឹ​ប ស្រុក​លា​ប្អៀ​រ ដឹក​តាម​រ៉ឺម៉ក​មូ​តូ យកមក​ទុក​ថែបំប៉ន​នៅផ្ទះ ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា។ លុះ​ព្រឹក​ឡើង ថ្ងៃទី៥ ខែមករា លោក​បាន​ដឹក​ក្របី​នេះ​ចេញពីផ្ទះ​ទៅ​ចង​នៅ​វាលស្រែ ស្រាប់តែ​ក្របី​ស្ទាវ​នេះ ដេញ​បុកនិង​ជល់​លោក​ចំនួន៣ដងផ្ទួនៗគ្នា បណ្តាលអោយ​លោក​របួស​ជា​មធ្យម ។ ហើយ​ល្ងាច​ឡើង វា​ដេញ​ជល់ និង​វ័ធ​ក្មេងប្រុស​អាយុ១៣ឆ្នាំ ម្នាក់ទៀត ដែល​កំពុង​ឃ្វាលគោ​នៅ​វាលស្រែ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​សន្លប់ និង​អ្នករត់ម៉ូតូឌុប​ម្នាក់ ក្នុងភូមិ ត្រូវបាន​ក្របី​ឡើងក​នេះ​ដេញ​វ័ធ បណ្តាលអោយ​ខូច​ម៉ូតូ​ស្រាល។

នៅពេល​មានការ​ឯកភាព​ពី​ថ្នាក់លើ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​កំពង់ឆ្នាំង បាន​តាម​ប្រមាញ់​បាញ់​សត្វ​ក្របី​នៅក្នុង​ភូមិ​ត្រ ពាំង​ចឹ​ក្សា តែ​មិនបាន​សម្រេច វា​ក៏បាន​រត់​ឆ្លងផ្លូវ​ជាតិ​មក​នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់​ខាងលិច​ផ្លូវជាតិ​លេខ៥វិញ ដោយនៅ​តាមផ្លូវ​សូម្បីតែ​ម៉ូតូ រថយន្ត ក៏​វា​ដេញ​វ័ធ​ដោ​មិន​រើសមុខ​ឡើយ។ ប្រើ​អាវុធ​អាកា​លូន​ចូល​កៀន​សត្វ​ក្របី ដែល​ពួន​ក្នុងព្រៃ​មួយ​នៅក្នុង​ភូមិ និង​បាន​បាញ់១គ្រាប់​ចំ​ឆ្អឹងជំនី​ខាងស្តាំ បណ្តាលអោយ​ក្របី​សាហាវ​មួយ​ក្បាល​នេះ​រត់​មួយ​ខ្យល់​បាន​ប្រមាណ​ជា៤០ម៉ែត្រ ហើយ​ដួល​ក្នុង​ទឹក​ថ្លុក​មួយ ដាច់ខ្យល់​ងាប់​ទៅ ៕