សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកា ១០លានរៀលដល់បុរសម្នាក់ធ្លាក់កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទុកដោះស្រាយការលំបាកប្រចាំថ្ងៃ។
ជនរងគ្រោះមានឈ្មោះ បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្លាក់កៀបជាប់ក្នុងថ្មនៅលើភ្នំចក្រ ពេលរូបគេឡើងទៅកើបអាចម៍ប្រចៀវ។ លោក ប៉ូរ៉ា បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានក្រុមគ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចចំរុះ បានសហការគ្នារិះរកវិធី និងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តរហូតទទួលបានជោគជ័យ។នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះត្រូវបានយកចេញពីថ្ម ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្ដង។






