ខេត្តស្វាយរៀង ៖កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍ដ៏គួរអាណិតមួយកើតឡើងនៅផ្ទះបើកវីងវេរលុយមួយកន្លែងត្រូវជនសង្ស័យ១ក្រុម បានប្រើល្បិចចូលលួចយកប្រាក់អស់ជាង១ម៉ឺនដុល្លារ ខណៈដែលឪពុកម្តាយមិននៅផ្ទះទុកឱ្យកូននៅចាំផ្ទះតែម្នាក់ឯង នៅចំណុចផ្ទះវីងវេរលុយ១កន្លែង ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកស្វាយទាប។
.jpg?1565209536)
យោងតាមប្រភពបានឲ្យដឹងថា ផ្ទះបើកវីងវេរលុយខាងលើ មានម្ចាស់ឈ្មោះដួង រ៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់គ្រឿងចាប់ហួយនិងបើកកន្លែងវេរប្រាក់វីង មានលំនៅក្នុងភុមិឃុំកើតហេតុខាងលើ។ តាមសម្តីស្ត្រីជាម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់មិនបាននៅផ្ទះនោះទេគឺទៅទារលុយគេ ចំណែកប្តីរបស់គាត់រវល់ចេញទៅទិញការ៉ូបាត់ ដោយទុកឱ្យកូននៅផ្ទះម្នាក់ឯង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យប្រុសស្រីចំនួន២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ បានមកឈប់សួររកទិញភេសជ្ជៈផឹក។
.jpg?1565209541)
យ៉ាងណាមិញ ស្រីជាម្ចាស់ផ្ទរូបនេះ បានបន្តថា ពេលនោះកូនរបស់គាត់ក៏ចេញទៅលក់ឱ្យ ស្រាប់តែជនសង្ស័យទាំង២នាក់បានព្យាយាមប្រើល្បិចអូសបន្លាយពេលវេលា ដោយធ្វើជាឱ្យលុយម្តង៦០០០រៀល ម្តង៤០០០រៀល ដើម្បីពន្យាពេលឱ្យបក្ខពួករបស់គេមានគ្នា២នាក់ទៀត មកឈប់ខាងកើតផ្ទះ។ ខណៈដែលកូនរបស់គាត់កំពុងតែរវល់លើកយកភេសជ្ជៈឱ្យ ជនសង្ស័យនោះក៏មានបុរសម្នាក់បានដើរតាមខាងកើតផ្ទះ ធ្វើសកម្មភាពលួចលុយដែលទុកក្នុងរោងសុវត្ថិភាព (រោងវេរលុយវីង) រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួចបាត់អស់។
.jpg?1565209546)
ក្រោយពីដឹងថា ក្រុមចោរបន្លំចូលលួចលុយក្នុងកន្លែងរោងផ្ទេរប្រាក់វីង ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងរាយការណ៍ទៅសមត្ថកិច្ចចុះធ្វើកំណត់ហេតុដើម្បីកំណត់មុខសញ្ញាតាមកាមេរ៉ាសុវត្ថិភាព។
.jpg?1565209550)
តាមការអះអាងពីម្ចាស់ផ្ទះ បានឱ្យដឹងថា ទឹកប្រាក់ដែលក្រុមចោរធ្វើសកម្មភាពចូលលួចយកទៅនោះ មានចំនួន៧០០០ដុល្លារ និងលុយខ្មែរ៦លាន៥សែនរៀល ព្រមទាំងលុយរាយៗជាច្រើនទៀតសរុបអស់ជា១ម៉ឺនដុល្លារ៕