ភ្នំពេញ៖ កាលពីថ្មីៗនេះ បងប្រុសម្នាក់បង្ហោះសារទាមទារស្វែងរកយុត្តិធម៌ជូនមិត្តភក្ភិរបស់គាត់ដែលបាជួបគ្រោះថ្នាក់ចរាចរណ៍ដែលពីប៉ុន្មានថ្ងៃមុននេ នេះជាសាររបស់គាត់៖ នេះជារូបដែលខ្ញុំទទួលបានពីមិត្តភក្តិដែលបានទៅចូលរួមបុណ្យឈាបនកិច្ច សព សៀង ដារិទ្ធិ។ គាត់គឺជាម្តាយរបស់ដារិទ្ធិ តើអ្នកឃើញរូបនេះហើយ មានអារម្មណ៍បែបណា?
.jpg?1566727933)
ខ្ញុំធ្លាប់ទៅលេងផ្ទះគាត់៣ដង ហើយតែងតែជួបអ៊ំស្រី។ ខ្ញុំតែសួររកអ៊ំប្រុស ចម្លើយរបស់គាត់ គឺអ៊ំប្រុសទៅស្រែ។ ខ្ញុំក៏មិនដែលបានសួរនាំពីឪពុករបស់ដារិទ្ធិឡើយ។ តាមពិតចម្លើយ ដែលអ៊ំស្រីប្រាប់ខ្ញុំ គឺគាត់បានលាក់បាំង ក្នុងហេតុផលណាមួយ ត្បិតគាត់និងឪពុករបស់ដារិទ្ធិ បានលែងលះគ្នាជាយូរមកហើយ។ អាជីពគ្រូបង្រៀន និងចិញ្ចឹមកូនម្នាក់ឯង គឺលំបាកណាស់ហើយ។ ដូចនេះ ដែលដារិទ្ធិបានរៀនសូត្រខ្ពង់ខ្ពស់ គឺជាកិត្តិយស និងសមិទ្ធិផលធំធេងមួយសម្រាប់ជីវិតជាម្តាយ។
.jpg?1566727939)
នៅពេលមិត្តភក្តិបានទូរស័ព្ទទៅប្រាប់គាត់ពីដំណឹងអកុសលនេះ គាត់មិនជឿឡើយ ត្បិតធ្លាប់មានករណីឆបោកដោយប្រើប្រាស់ហេតុផលគ្រោះថ្នាក់ចរាចរណ៍។ គាត់បានឱ្យគេសុំប៉ូលីសថតរូបបង្ហាញគាត់សិន។
.jpg?1566727946)
ខ្ញុំសូមអភ័យទោស ដែលយករូបភាពរបស់គាត់ មកផុសក្នុងហ្វេសប៊ុកដោយមិនបានសុំសិទ្ធិពីសាមីខ្លួន។ តែខ្ញុំសរសេរនេះ គឺក្នុងន័យរំលែកទុក្ខ និងចូលរួមទាមទារ រកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ។ ហើយខ្ញុំនឹងលុបចោល នូវស្តេតថឺសរបស់ខ្ញុំ ដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រសិនបើករណីនៃត្រូវបានស៊ើបអង្កេត និងដោះស្រាយប្រកបដោយយុត្តិធម៌។ ដូចនេះ ខ្ញុំសូមបញ្ជាក់ម្តងទៀត ថា រាល់ការផុសរបស់ខ្ញុំនេះ មិនមែនជាការធ្វើអាជីវកម្មលើសពជនរងគ្រោះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយឡើយ។
.jpg?1566727950)
ដោយធ្លាប់រាប់អានគ្នាជាយូរឆ្នាំ និងតែងតែមានអធ្យាស្រ័យល្អជាមួយគ្នា ខ្ញុំសូមឧទ្ទិសមរណ:ទុក្ខនេះ ជាការក្រើនរំលឹកចំពោះ អ្នកទាំងឡាយ ពិសេសអ្នកដែលស្គាល់ នឹងរាប់អានជនរងគ្រោះ និងក្រុមគ្រួសារ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសូម
.jpg?1566727956)
១ ទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តចាត់ការដោះស្រាយករណីនេះ ឱ្យបានឆាប់រហ័ស និងប្រកបដោយយុត្តិធម៌ ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាព
២ សំណូមពរដល់ និស្សិតដែលជាសិស្ស និងមិត្តភក្តិរួមជំនាញរបស់ជនរងគ្រោះ បន្តការសិក្សាស្រាវជ្រាវ លើជំនាញដែលជនរងគ្រោះបានសិក្សា និងណែនាំ ដើម្បីជាការឧទ្ទិសដល់ការប្រឹងប្រែងរបស់គាត់។
៣ សំណូមពរដល់ ម្ចាស់ និង គ្រប់យានដ្ឋានជួសជុលរថយន្តទាំងអស់ សូមជួយសហការរាយការណ៍ជូនសមត្ថកិច្ច ប្រសិនបើមានរថយន្តដែលខូច និងមានស្លាកស្នាម មិនប្រក្រតី ដើម្បីជួយស្វែងរកភាគីរថយន្តបង្កហេតុ និងឈានចូលដល់ការដដ្រាយដោយយុត្តិធម៌។
៤ អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមបើកបរប្រកបដោយក្រមសីលធម៌ ការយោគយល់ និងអនុវត្តតាមច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។
៥ សូមជនបង្ក មានស្មារតីភ្ញាក់រលឹក និងចេញមុខទទួលខុសត្រូវតាមច្បាប់ ដើម្បីជាការសុំទោស និងគោរពដល់ដល់សពជនរងគ្រោះ និងក្រុមគ្រួសារ ពិសេសការបញ្ចប់វប្បធម៌គេចវេសពីការទទួលខុសត្រូវលើកំហុសរបស់ខ្លួន។

ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ ធនធានមនុស្សដែលបានសិក្សាស្រាវជ្រាវលើ បច្ចេកទេសវិទ្យាសាស្ត្រសេណេទិច រូបនេះណាស់។ ខ្ញុំនៅតែចងចាំ ការរាប់អាន និងការគោរពគ្នាទៅវិញទៅមក ពិសេសការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ជាមួយដារិទ្ធិ ពិសេសអំឡុងពេលគាត់កំពុងសិក្សានៅប្រទេសថៃ ដែលពេលនោះ ខ្ញុំកំពុងរៀននៅប្រទេសប៊ែលហ្ស៊ិក។ ខ្ញុំសូមឧទ្ទិសរាល់កុសលធម៌ និងសកម្មភាពស្ម័គ្រចិត្ត ក្នុងកិច្ចការអភិវឌ្ឍសង្គម របស់ខ្ញុំ ដល់ដារិទ្ធិ ដើម្បីរំលឹកដល់ទឹកចិត្ត និងការប្រឹងប្រែងរបស់គាត់ ក្នុងការណែនាំបង្ហាត់បង្រៀនជំនាញជីវវិទ្យាដល់និស្សិតនៅតាមសាកលវិទ្យាល័យនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា សៀង ដារិទ្ធ ភេទប្រុស ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-4544 (ស្លាប់) គ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ដំណើររឿង៖ នៅពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏បានបុកម៉ូតូជនរងគ្រោះចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ផ្លោងអូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនិងកន្លែង រីឯម៉ូតូបានអូសជាង៤០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។

ភ្លាមៗ ភាគីរថយន្តបង្ក មិនឈប់រង់ចាំទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើកគេចខ្លួន បាត់ស្រមោល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិ នៅពេលក្រោយ។ ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕