ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម​ បានចូលរួមបច្ច័យ ចំនួន១០លានរៀល​ ជូនកាកបាទក្រហមកម្ពុជា...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់ កាកបាទក្រហមកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ១៣កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១១​ ខែ​ តុលា ឆ្នាំ ២០១៩នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះមហាអរិយវង្ស​ សៅរ៍​ ចន្ទថុល្ល​ ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម​ ។

នាឱកាសនោះ សម្តេចព្រះមហាអរិយវង្ស​ សៅរ៍​ ចន្ទថុល្ល​ បានមានព្រះថេរដីកាគាំទ្រជានិច្ច និងមានទឹកព្រះទ័យរីករាយ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ពាំនាំមកនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរព្រះគុណ អំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះសម្តេចព្រះមហាអរិយវង្ស​ សៅរ៍​ ចន្ទថុល្ល​ ព្រះសង្ឃគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលជារៀងរាល់ឆ្នាំតែងតែបរិច្ចាគទេយ្យទានជូនដល់សាខារាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមាន លទ្ធភាពបន្ថែមទៀត ក្នុងការជួយសំរាលដល់ការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញរបស់យើង ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនា​ និងឲ្យស្របតាមទឹកព្រះទ័យ​ ទឹកចិត្តរបស់សម្តេចព្រះមហាអរិយវង្ស​ ព្រះសង្ឃគណៈកម្មការអាចារ្យវត្តទាំងអស់ ជាម្ចាស់ទេយ្យទាន​ ។

ទេយ្យទានដែលសាខាបានទទួលពីវត្តលង្កាព្រះកុសុមារាម​ រួមមាន៖ អង្ករ២០០០គីឡូក្រាម ទឹកដោះគោ១០កេសធំ ស្ករស១៩កេសធំ តែ៧កេសធំ​ មី៣១កេសធំនិង៩កេសតូច សម្ភារៈប្រើប្រាស់២៣សម្រាប់ និងថវិកាចំនួន១០លានរៀល ដែលសរុបគិតជាទឹកប្រាក់ទាំងអស់ស្មើនឹង៤០.៩១២.០០០រៀល ៕

ប្រភព៖ កាកបាទក្រហមកម្ពុជា