នៅក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាច្រកម្ពុជា បានមានប្រសាសន៍ថ្វាយនូវការចូលរួមរំលែកទុក្ខ ជាមួយព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ចំពោះការបាត់បង់ព្រះរាជបុត្រីច្បង គឺសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។
ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានការសោកស្តាយចំពោះការបាត់បង់ទ្រង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាពលរដ្ឋរបស់យើង ពីព្រោះព្រះអង្គបានចូលរួមកិច្ចការងារជាច្រើនក្នុងសង្គម ជាពិសេសការលើកតម្កើងតម្លៃសិល្បៈវប្បធម៌ខ្មែរ ហើយព្រះអង្គក៏ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ហើយក៏បានប្រកាសអោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ គឺនៅកម្ពុជាទាំងមូលត្រូវទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខក្នុងរយៈពេល ១ថ្ងៃ៕
សូមទស្សនាវិដេអូខាងក្រោមនេះ៖
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister