បើយោងតាមគណនីហ្វេសប៊ុករបស់ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសាររំលែកទុក្ខជាទម្ងន់ក្រោយពីបានទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី បានយាងសោយព្រះពិរាល័យ ដោយព្រះរោគាពាធ។ នៅក្នុងអត្តន័យសារនោះបានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "«សាររំលែកទុក្ខពីឯកអគ្គរាជទូតជប៉ុន»
ខ្ញុំមានទុក្ខជាទម្ងន់ក្រោយពីបានទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី បានយាងសោយព្រះពិរាល័យ ដោយព្រះរោគាពាធ។
ព្រះអង្គបានលះបង់ពេញមួយជីវិតរបស់ទ្រង់ ថែរក្សាប្រពៃណីវប្បធម៌កម្ពុជា ជាពិសេសគឺរបាំព្រះរាជទ្រព្យ។ ព្រះអង្គបានដឹកនាំ «Sacred Dancers of Angkor» យាងទៅកាន់ប្រទេសជប៉ុន ដើម្បីបង្ហាញពីរបាំប្រពៃណីដ៏ល្អឥតខ្ចោះរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់អ្នកចូលរួមទស្សនាទាំងអស់កាលពីឆ្នាំ២០១៦។ ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ទ្រង់ក្នុងកម្មវិធីវប្បធម៌ផ្សេងៗរបស់ស្ថានទូតជប៉ុនរៀបចំ ពិតជាផ្តល់នូវកម្លាំងចិត្តយ៉ាងមោះមុតសម្រាប់ក្រុមការងារយើងខ្ញុំ។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សេ្តចយាង ទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា