សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិក សមាជិការដ្ឋសភា គោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុក Samdech Heng Samrin, President of the National Assembly បានបង្ហោះសារថា "សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមាជិក សមាជិការដ្ឋសភា គោរពព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សមាជិកាក្រុមបប្រឹក្សាធម្មនុញ្ញ និងជាអតីត រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅវត្តបុទុមវតី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានព្រះបរមរាជានុញ្ញាតសម្តែងនូវសមានមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងលិខិតថ្វាយជាផ្លូវការចុះថ្ងៃទី១៩ ខែវិច្ឆិកា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយជរាពាធ។

ក្នុងនាមរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ពិតជាមានក្តីសោកស្តាយក្តុកក្តួលជាពន់ពេក ចំពោះការបាត់បង់វីរៈសិល្បៈពហុជំនាញ ប្រើមួយជីវិតរបស់ព្រះរាម នរោត្តម បុប្ផាទេវី ស្រឡាញ់លើកស្ទួយវប្បធម៌ អរិយធម៌ ជាដួងព្រលឹងដ៏រឹងមាំរបស់ជាតិ ពិសេសជាតួឯករបាំអប្សរា បានលើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាង ល្បីល្បាញទូទាំងសកលលោក។

សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រៃកែវទំាងបី ប្រោសព្រះរាជទានឱ្យដួងព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមព្រះអង្គទ្រង់យាងទៅកាន់ព្រះបរមសុគិតភព កុំបីឃ្លៀងឃ្លាតឡើយ"៕

ប្រភព៖ Samdech Heng Samrin, President of the National Assembly