ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី...
ស៊ីហៀង
-

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះពិធីដង្ហែព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងមកកាន់ព្រះមេរុ ខាងមុខវត្តបទុមវតី ដើម្បីប្រារព្ធព្រះពីធីថ្វាយព្រះភ្លើង  ។ កូនចៅ ប្រជានុរាស្រ្ត មានទុក្ខយ៉ាងធំធេង ក្រោយពីលោកបានយាងចេញទៅឆ្ងាយ ឆ្ងាយគ្មានថ្ងៃត្រឡប់ក្រោយ។ 

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Royal du Cambodge បានរៀបរាប់ថា "ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្មវីធី​ដង្ហែ​ព្រះ​សព​ឆ្ពោះទៅ​ព្រះ​មេរុ​ ដេីម្បី​ប្រារព្ធ​ព្រះពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​វត្តបទុមវតី​ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ខាងមុខនេះ​វេលា​ម៉ោង​ ៦ព្រឹក​។ មហា​ជន​ទាំង​អស់​អាច​អញ្ជើញ​ចូល​រួម​ដង្ហែ​ ដេីម្បី​ថ្វាយ​ព្រះ​ដំណេីរ​ជាលេីកចុងក្រោយ​ ក្នុង​ក្បួន​មហា​ជន​ រឺ​ឈរ​តាម​បណ្តោយ​ផ្លូវ​ ដែល​គណៈកម្មាធិការ​បុណ្យ​ជាតិ​រៀប​ចំ​ ។

គួរបញ្ជាក់ថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

ប្រភព៖ Royal du Cambodge