ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖ ឈប់ឲ្យប្រាក់ខែវេនយប់ លើសវេនថ្ងៃ លុបថ្ងៃឈប់សម្រាក ថ្ងៃបុណ្យចំថ្ងៃអាទិត្យ ដើម្បី...
ស៊ីហៀង
-

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានទទួលលិខិតអញ្ជើញពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើវិសោធកម្មច្បាប់ស្តីពី ការងារដែលពាក់ព័ន្ធនឹង (ទី១) កែសម្រួលអត្រាប្រាក់ឈ្នួលវេនការ ពេលយប់ស្មើរអត្រាវេនការងារពេលថ្ងៃក្នុងមាត្រ ១៤៤ថ្មី និងមាត្រាពាក់ព័ន្ធ (ទី២) លុបការឈប់សម្រាកនៅថ្ងៃបន្ទាប់ សម្រាប់ថ្ងៃសម្រាកបុណ្យចំលើថ្ងៃអាទិត្យក្នុងមាត្រា ១៦២ និងមាត្រាពាក់ព័ន្ធ និង (ទី៣) ពង្រីក វិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គលក្នុងមាត្រា៣០០ និងមាត្រាពាក់ព័ន្ធ ក្នុងគោលបំណងឆ្លើយតបទៅនឹងការវិឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារដែលពាក់ព័ន្ធនឹងមាត្រ ១៤៤ថ្មីមាត្រា ៣០០ និងមាត្រាពាក់ព័ន្ធ នៅពេលនេះ គឺជាការធ្វើកំណែទម្រង់ដ៏ត្រឹមត្រូវ និងជាពេលដែលសាកសមជាទីបំផុត។

គួររំលឹកផងដែរថា ចាប់តាំងពីត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ ច្បាប់ស្តីពីការងារ មានអាយុកាល ចំនួនជាង២ ទសវត្ស រួចមកហើយ។ ច្បាប់នេះ ត្រូវបានសហការរៀបចំតាក់តែងដំបូង ដោយអ្នកជំនាញអន្តរជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានភាពការងារសេរីអាមេរិកអាស៊ី ដោយផ្អែកទៅលើបរិបទជាក់ស្តែងនៃសេដ្ឋកិច្ច និងសង្គមនាពេលនោះ។ ដូចនេះស្របតាមបរិបទសកលភាវរូបនីយកម្ម និងការប្រកួតប្រជែងដ៏ស្រួចស្រាវនៅថ្នាក់អន្តរជាតិនាពេលបច្ចុប្បន្ន ច្បាប់ស្តីពីការងារដែលមានអាយុកាលជាង២ ទសវត្សនេះ គួរគប្បីត្រូវធ្វើវិសោធកម្មជាបន្តបន្ទាប់ដើម្បីកែសម្រួលមាត្រា មួយចំនួន ក្នុងគោលបំណងបង្កើនសមត្ថកិច្ចផលិតកម្ម និងសក្តានុពលនៃភាពប្រកួតប្រជែងរបស់ប្រទេសនៅលើឆាកអន្តរជាតិ តាមរយៈការបើកចំហឪកាសវិនិយោគដែលមានលក្ខណអំណោយផលដល់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាផ្នែកកម្មន្តសាល (Discrete Manufacturing and Process Manufacturing) ផ្នែកសេវាកម្ម ផ្នែកអាកាសចរ និង ដឹកជញ្ជូន និងផ្នែកមន្ទីរពេទ្យជាដើម ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ផ្នែកឧស្សាហកម្មនិងសេវាកម្ម។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមសំដែងនូវការគាំទ្រ ចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះទស្សនវិស័យវែងឆ្ងាយ លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ បរិយាកាសវិនិយោគដែលមានលក្ខណៈល្អប្រសើរ និងប្រកដដោយភាពប្រកួតប្រជែង នឹងជួយថែរក្សា អ្នកវិនិយោគដែលមានស្រាប់ ក៏ដូចជាទាក់ទាញបន្ថែមទៀតនូវអ្នកវិនិយោគថ្មីៗ។ ការវិនិយោគកាន់តែច្រើន ការបង្កើតការងារកាន់តែច្រើន ហើយកម្រិតប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗក៏នឹងកើនឡើងជាស្វ័យប្រវត្តទៅតាមនោះដែរ៕