ថៃ ប្រកាសបិទច្រកព្រំដែន ទាំងអស់ជាមួយកម្ពុជា ចាប់ទីថ្ងៃទី២៣នេះ ដោយអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19
ស៊ីហៀង
-

ភ្នំពេញ៖ នៅមុននេះបន្តិច ប្រទេសថៃ បានចេញសេចក្តីប្រកាស បិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា នៅក្នុងខេត្ដបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដោយអះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ប៉ុន្តែសម្រាប់រថយន្តដឹកទំនិញចេញចូលនៅបន្តធម្មតា ក្រោមលក្ខខណ្ឌរឹតបន្តឹងខ្លាំង។

ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ ចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ៖ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងភូមិខេត្តសាស្រ្តរបស់ខ្លួន និយាយដោយឡែក និងក្នុងប្រទេសថៃ ទាំងមូលនិយាយជារួម អាជ្ញាធរខេត្តសាកែវ បានសម្រេចបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នូវច្រកទ្វារព្រំដែន កម្ពុជា-ថៃគ្រប់កំរិតដែលស្ថិតក្នុងដែនដីខេត្តសាកែវៈ

១.​ ច្រកទ្វារអន្តរជាតិចំនួន២ ទីតាំង៖

-ច្រកទ្វារអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) -ខ្លងលឹក (ខេត្តសាកែវ)

-ច្រកអន្តរជាតិភ្នំដី (ខេត្តបាត់ដំបង) -បានខៅឌីន (ខេត្តសាកែវ)

២. ច្រកទ្វារតំបន់ចំនួន២ ទីតាំង៖

-ច្រកបឹងត្រកួន (ខេត្តបន្ទាយមានជ័យ) -តាប្រាយ៉ា (ខេត្តសាកែវ) និងច្រកម៉ាឡៃ (ខេត្តបាត់ដំបង) -បានណងព្រឺ(ខេត្តសាកែវ)

-ច្រកទ្វារទ្វេភាគីចំនួន១៥ ទីតាំង៖ រវាងខេត្តសាកែវ -ខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ-ខេត្តបាត់ដំបង និងត្រូវបានបិទទាំងស្រុង។