នៅថ្ងៃពុធ ទី៣០ ខែមេសា លោកម៉ារីអូ កាសារ (Mario Kassar) ជាផលិតករហូលីវូដដ៏ល្បីល្បាញមួយរូបដែលនៅពីក្រោយខ្សែភាពយន្តល្បីៗមួយចំនួនក្នុងប្រវត្តិសាស្ត្រ រួមមាន Terminator 2, Judgement Day, Rambo, Total Recall និងរឿង Basic Instinct ជាដើមនោះ បានមកទស្សនកិច្ចនៅឯក្រុមហ៊ុន CBS ដើម្បីស្វែងរកឱកាសលើការវិនិយោគថ្មីៗក្នុងវិស័យភាពយន្ត និងទូរទស្សន៍ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ។

លោកកាសារ ដែលភាពយន្តជាច្រើនក្រោមស្នាដៃរបស់លោក ទទួលបានការសាទរជាសកល និងរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារនោះ បានមកទស្សនា Camwood Studios របស់ក្រុមហ៊ុន CBS ដែលមានទីតាំងនៅរាជធានីភ្នំពេញ។ Camwood Studios ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ បានក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់មួយសម្រាប់ផលិតកម្មក្នុងស្រុក និងក្រៅស្រុករួចហើយ ដោយជំរុញឱ្យកម្ពុជាកាន់តែលេចធ្លោនៅក្នុងវិស័យកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍ ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោក លោកកាសារ (Kassar) លោកបានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន CBS លោក David E. Ulmer ដើម្បីពិភាក្សាគ្នាអំពីសហផលិតភាពដ៏មានសក្តានុពល។ អ្នកទាំងពីរ នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រក្នុងការច្បិចយកបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់កម្ពុជា រួមទាំងទេសភាពចម្រុះបែប និងតម្លៃផលិតកម្មសមរម្យ ដើម្បីធ្វើជាអត្ថប្រយោជន៍ក្នុងការទាក់ទាញលើម្រោងភាពយន្តអន្តរជាតិ ។

អ្នកទាំងពីរក៏ទទួលបានការស្វាគមន៍ដោយឯកឧត្ដមនេត្រភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចសន្ទនាដ៏សំខាន់មួយដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រធ្វើឱ្យកម្ពុជា ក្លាយជាទីតាំងទាក់ទាញការវិនិយោគលើភាពយន្តអន្តរជាតិកាន់តែខ្លាំង ។
គួរជម្រាបថា កិច្ចពិភាក្សាខាងលើបានផ្ដោតលើគំនិតសម្រាប់ការផ្លាស់ប្ដូរវិធានការគោលនយោបាយ និងការលើកទឹកចិត្តក្នុងការទាក់ទាញផលិតករភាពយន្តបរទេសមកកាន់កម្ពុជា រួមមានដូចជាការបញ្ចុះតម្លៃពន្ធ, សម្រួលដល់ដំណើរការអនុញ្ញាត, និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលទេពកោសល្យក្នុងស្រុក។ គំនិតផ្ដួចផ្ដើមទាំងនេះ អាចនាំឱ្យមានអត្ថប្រយោជន៍សំខាន់ៗផ្នែកសេដ្ឋកិច្ច រួមទាំងការបង្កើតឱកាសការងារ និងទទួលបានលទ្ធភាពក្នុងការទទួលស្គាល់កាន់តែទូលំទូលាយជាអន្តរជាតិសម្រាប់វិស័យឧស្សាហកម្មកម្សាន្តរបស់កម្ពុជា ។

ទន្ទឹមនឹងនោះ លោកកាសារ (Kassar) បានសម្ដែងនូវការសាទរចំពោះសក្ដានុពលដ៏អស្ចារ្យរបស់កម្ពុជា មិនត្រឹមតែសម្រស់ធម្មជាតិ និងប្រពៃណីដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែថាមពលនិងមហិច្ចតារបស់ប្រជាជន។ លោកពិតជារំភើបចិត្តចំពោះឱកាសក្នុងការសហការនាពេលអនាគតនៅកម្ពុជា ។
ក្រុមហ៊ុន CBS ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ឈានមុខមួយ បានទទួលនូវការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិរួចមកហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងភាពជោគជ័យលើប្រព័ន្ធឌីជីថល និងកម្មវិធីដ៏អស្ចារ្យផ្សេងៗទៀតជាដើម ជាពិសេស កម្មវិធីប្រកួតធ្វើម្ហូបដ៏ល្អឯក MasterChef Cambodia ដែលទទួលបានការជ្រើសរើសជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់ International Emmy Awards នាពេលថ្មីៗនេះ បានជួយលើកមុខមាត់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងពិភពនៃប្រព័ន្ធផ្សព្វផ្សាយនិងកម្សាន្ត ។

ដំណើរទស្សនកិច្ចរបស់លោក ម៉ារីអូ កាសារ (Mario Kassar) នាពេលនេះ គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CBS ក្នុងការជួយជំរុញនិងកសាងភាពជាដៃគូអន្តរជាតិ និងចូលរួមចំណែកលើកស្ទួយកម្ពុជាជាមជ្ឈមណ្ឌលប្រកួតប្រជែងសម្រាប់ផលិតកម្មភាពយន្ត និងទូរទស្សន៍ ៕