ភ្នំពាញ៖ បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ឡើងទៅ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។ នេះបើតាមប្រសាស៍ន៍របស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា៖« បើមានអ្នកណាម្នាក់កើតកូវីដ-១៩ គឺថាត្រូវឃុំទុកមួយផ្ទះតែម្ដង ឬថា ឃុំទុកមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថា ភូមិដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះ អីចឹងទៅ។

យើងអាចឃុំទុកកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់ទៅ គឺថា ឃុំទុកទាំងភូមិហ្នឹងតែម្តង ។ យើងបានចាត់វិធានការបែបនេះ ហើយបានផ្សព្វផ្សាយកាលពីរសៀលម្សិលមិញហើយ»។
គួរបញ្ចាក់ផងដែរថា សម្តេច ស ខេង បានបញ្ជាក់ថា សម្ដេចបានពិភាក្សានិងសុំគោលការណ៍បិទភូមិនេះ ជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តីរួចហើយ។







