ទីក្រុងរ៉ូម៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Roberto Speranza បានថ្លែងការណ៍កាលពីថ្ងៃពុធនេះថាប្រទេសអ៊ីតាលីនឹងពង្រីកការរឹតបន្តឹងការទប់ស្កាត់ការឆ្លងមេរោគពីវីរុសនេះបន្ថែមទៀតដែលត្រូវបានដាក់ចេញកាលពីខែមុន ហើយការរឹតត្បិតក្នុងការបិទប្រទេសនេះនឹងត្រូវពន្យាររហូតដល់ថ្ងៃទី ១៣ ខែមេសា។
លោក Speranza បានថ្លែងប្រាប់ព្រឹទ្ធសភាថា "យើងមិនត្រូវច្រឡំសញ្ញាវិជ្ជមានដំបូងជាមួយសញ្ញាច្បាស់លាស់ទាំងអស់នោះទេ ទិន្នន័យបានបង្ហាញថាយើងកំពុងដើរលើផ្លូវត្រូវហើយការសម្រេចចិត្តយ៉ាងខ្លាំងក្នុងការបិទប្រទេសនៅពេលឥលូវនេះ ហើយវាកំពុងតែផ្តល់លទ្ធផលកាន់តែប្រសើរមកដល់ពួកយើងផងដែរ"។
លោក Speranza បានបន្ថែមថា "ការប្រយុទ្ធ ប្រឆាំងនឹងវីរុសមួយនេះគឺត្រូវចំណាយរយៈពេលវេលាយូរទៀតផង" ។
បន្ទាប់ពីការកើនឡើងនូវករណីចំនួនវីរុសកូវីដ១៩ជាច្រើនថ្ងៃមក ទិន្នន័យក្នុងសប្តាហ៍នេះបានបង្ហាញថាកាលពីថ្ងៃអង្គារនេះល្បឿននៃការកើនឡើងចំនួនករណីសរុបនៅក្នុងប្រទេសអ៊ីតាលីកំពុងថយចុះ ដោយការឆ្លងថ្មីកើតមានឡើងត្រឹម ៤.០៥៣នាក់ ហើយចំនួនអ្នកស្លាប់នៅតែមានចំនួនថេរដដែលដោយមានអ្នកស្លាប់ជាង ៨០០ នាក់ក្នុងមួយថ្ងៃ។
ជាងនេះផងដែរប្រទេសអ៊ីតាលីគឺជាប្រទេសលោកខាងលិចដំបូងគេដែលបានណែនាំពីការ រឹតបន្តឹងក្នុងប្រទេសរបស់ពួកគេពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដោយហាមរាល់សកម្មភាពសំខាន់ៗទាំងអស់។
ប្រភព៖ CNA
សម្រួលអត្ថបទដោយ៖SOEUR.