ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចុះទៅ សួរសុខទុក្ខ និងនាំយកថវិកាបង់ថ្លៃពេទ្យ១.៨លានរៀល របស់ក្រសួងសុខាភិបាល ប្រគល់ជូនជនរងគ្រោះប្ដីប្រពន្ធ ដែលត្រូវមន្ទីរពេទ្យ «មន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន» ក្នុងស្រុកអង្គស្នួល យកតម្លៃព្យាបាលថ្លៃហួសហេតុ ក្រោយជួបគ្រោះចរាចរណ៍ និងបានស្នើដល់ប្រជាពលរដ្ឋបន្ដរួមគ្នារក្សាអនាម័យ ទោះបីជាជំងឺកូវីដ១៩ បានថមថយនៅកម្ពុជាក្ដី ។

ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានស្នាក់នៅផ្ទះជួលមួយកន្លែង ជាមួយប្អូនប្រុសថ្លៃ ដែលមានអាយុ៣១ឆ្នាំ ស្ថិតនៅភូមិព្រៃសំព័ណ សង្កាត់ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានោះផងដែរ លោកស្រី ឱ វណ្ណឌីន បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចេះការពារខ្លួន និងមានអនាម័យជានិច្ច ព្រោះថាយើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងឡើយ។ លោកស្រី ក៏បានថ្លែងថា "វិធានការការពារខ្លួន៣យ៉ាង ដែលមិនត្រូវភ្លេចរួមមាន៖ ទី១.ការរក្សាអនាម័យខ្លួន អនាម័យដៃស្អាតជាការចាំបាច់បំផុត និងកុំប៉ះពាល់លើផ្ទៃមុខ ប្រសិនបើមិនបានលាងសំអាតដៃ, ទី២.ការប្រើប្រាស់ម៉ាសការពារ ឬប្រើប្រាស់កន្សែង ឬក្រមា និងទី៣.ការរក្សាគំលាតសង្គម និងគំលាតសុវត្ថិភាពបុគ្គល១ម៉ែត្រកន្លះឡើងលើ មានន័យថា មិនត្រូវប្រមូលផ្ដុំគ្នាច្រើនកុះករនោះទេ ប៉ុន្ដែបើជាការចាំបាច់ខានមិនបានត្រូវតែចូលរួម ត្រូវប្រើប្រាស់ម៉ាសជាចាំបាច់"៕










