ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ភ្នាក់ងារឧតុនិយមថៃបានប្រកាសទៅកាន់ពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ភាគខាងជើង ភាគឦសាន និងភាគកណ្តាល ចូរថែទាំសុខភាពឱ្យបានល្អដើម្បីការពារការដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពនៅប្រទេសថៃនឹងកើនឡើងខ្ពស់ រហូតដល់៤២អង្សាសេ ចាប់ពី២ថ្ងៃ ទៅ៣ថ្ងៃខាងមុខ ។

តាមការប្រកាសរបស់ភ្នាក់ងារឧតុនិយម គឺកាលពីថ្ងៃទី២២ ខែមេសា កន្លងមក តំបន់ជាច្រើនរបស់ថៃមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤០អង្សាសេ និងគ្មានភ្លៀងធ្លាក់ ហើយសីតុណ្ហភាពនឹងកើនឡើងខ្ពស់ថែមទៀត ជាពិសេស ភាគខាងជើង អាចនឹងកើនឡើងចាប់ពី៤១អង្សាសេ ទៅ៤២អង្សាសេ នាពេលឆាប់ៗនេះ ។ វាអាចធ្វើឱ្យពលរដ្ឋអស់កម្លាំងដោយសារអាកាសធាតុក្តៅ (Heat Exhaustion) និងឈានទៅដាច់សរសៃឈាមខួរក្បាល (Heatstroke) ដែលត្រូវការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ការអស់កម្លាំងដោយសារអាកាសធាតុក្តៅ (Heat Exhaustion) ពុំចាំបាច់ទទួលការព្យាបាលបន្ទាន់ទេ បើអាចកាត់បន្ថយសីតុណ្ហភាពរាងកាយក្នុងរយៈពេល៣០នាទី ប៉ុន្តែបើបណ្តោយវារហូតឈានទៅដាច់សរសៃឈាមខួរក្បាល គឺត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។ រោគសញ្ញាការអស់កម្លាំងដោយសារអាកាសធាតុក្តៅ រួមមាន ៖ វិលមុខ ឈឺក្បាល ក្អួតចង្អោរ បើកញើសច្រើនខុសធម្មតា ស្បែកត្រជាក់ស្លេកក្លាយជាកន្ទួល រមួលក្រពើដៃ-ជើង ដកដង្ហើមញាប់ បេះដូងលោតញាប់ សីតុណ្ហភាពរាងកាយកើនឡើងខ្ពស់ ស្រេកទឹក និងល្ហិតល្ហៃ ។

រោគសញ្ញាការអស់កម្លាំងដោយសារអាកាសធាតុក្តៅ មានលក្ខណៈស្រដៀងគ្នាមិនថាមនុស្សចាស់ ឬកុមារ ប៉ុន្តែកុមារអាចមានអាការៈឆាប់ខឹងផងដែរ ។ បើឃើញអ្នកណាមានរោគសញ្ញាទាំងនេះ គួរប្រញាប់កាត់បន្ថយសីតុណ្ហភាពរាងកាយ និងឱ្យផឹកទឹក ។
ការជួយសង្គ្រោះបឋមសម្រាប់ការអស់កម្លាំងដោយសារអាកាសធាតុក្តៅ អាចធ្វើតាមវិធីខាងក្រោម ៖
១-នាំអ្នកជំងឺទៅកន្លែងម្លប់
២-ដោះសម្លៀកបំពាក់មិនចាំបាច់ចេញពីខ្លួនអ្នកជំងឺ ដូចជា ៖ អាវធំពាក់ខាងក្រៅ និងស្រោមជើង
៣-ផឹកទឹកត្រជាក់
៤-កាត់បន្ថយសីតុណ្ហភាពរាងកាយ ដោយការប្រោះទឹកត្រជាក់ ឬយកកន្សែងជ្រលក់ទឹកជូតខ្លួន ឬយកកន្សែងត្រជាក់ដាក់នៅក្លៀក-ក និងប្រើប្រាស់កង្ហារជួយបញ្ចេញកំដៅ ។ គួរថែទាំអ្នកជំងឺឱ្យបានដិតដល់រហូតដល់សុខភាពល្អប្រសើរឡើងវិញ បើអនុវត្តតាមវិធីទាំងនេះ សុខភាពនឹងល្អឡើងវិញរយៈពេល៣០នាទី ។
ភ្នាក់ងារឧតុនិយមសូមឱ្យពលរដ្ឋរស់នៅតំបន់ក្តៅប្រុងប្រយ័ត្ន និងការពារខ្លួនពីការដាច់សរសៃឈាមខួរក្បាល ព្រមទាំងសង្កេតរោគសញ្ញាខុសប្រក្រតីក្នុងរាងកាយ ។ បើឃើញរោគសញ្ញាសង្ស័យថា ជាការដាច់សរសៃឈាមខួរក្បាល គួររកន្លែងម្លប់ ឬសុំជួយសង្គ្រោះពីគ្រូពេទ្យជាបន្ទាន់ ៕ ប្រភព៖ KBN NEWS




