កាលពីថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងគួរឲ្យសោកស្តាយជាទីបំផុត ដែលយើងបានបាត់បង់មនុស្សដ៏ល្អម្នាក់ ដែលគាត់ជាកសិករដ៏ឆ្នើមម្នាក់ ដោយគាត់ភាពច្នៃប្រឌិតខ្ពស់ និងជាស្ថាបនិកត្រលក់ផ្អែមនៅស្រុកបន្ទាយស្រីផងដែរ។

នៅក្នុងសារលិខិតរបស់ ឃឹម ហ្វីណង់ បានបង្ហោះខ្លឹមសារថា "ជាកសិករម្នាក់ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងជាស្ថាបនិកត្រសក់ផ្អែមបន្ទាយស្រី មីងឡាយស្រលាញ់ការងារកសិកម្មរបស់គាត់ មិនចាញ់វិចិត្រករស្រលាញ់ផ្ទាំងគំនូររបស់ខ្លួនឡើយ។ ជាង២០ឆ្នាំនៅលើទឹកដីបន្ទាយស្រី មីងបានក្លាយជាកសិករគំរូ ដែលតែងតែដើរបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ល្អៗដល់កសិករដទៃ។ «ត្រសក់ផ្អែមបន្ទាយស្រី» មានភាពល្បាញល្បីរហូតដល់សព្វថ្ងៃនេះ ក៏ដោយសារស្នាដៃរបស់មីងដែរ។

មីងជាម្តាយនៃកូនស្រី៥នាក់ និងជាបង្គោលតែមួយគត់នៅក្នុងគ្រួសារ ដែលមានប្តីឈឺពិការនៅមួយកន្លែងមិនអាចធ្វើការអ្វីបាន។ តែមីងតែងអួតប្រាប់ខ្ញុំដោយមោទនភាពថា ”មីងកសិករ ហើយធ្វើការតែម្នាក់ឯងមែន តែមីងចិញ្ចឹមកូនៗមីងអោយបានរៀនដល់មហាវិទ្យាល័យទាំងអស់គ្នាណា៎!”។

ថ្វីត្បិតតែមានរូបរាងស្គមស្គាំង ផ្ទៃមុខជ្រីវជ្រួញជាំខ្មៅដោយសារតែធ្វើការក្រោមកំដៅថ្ងៃ តែគាត់គឺជាមនុស្សរួសរាយរាក់ទាក់ និងផ្តល់ស្នាមញញឹមជានិច្ចចំពោះមនុស្សនៅជុំវិញខ្លួនគាត់ ហើយគាត់តែងហៅក្មេងៗដែលធ្វើការជាមួយគាត់ថា”កូន”។ ពេលជួបគ្នាលើកដំបូង មីងញញឹមមកកាន់ខ្ញុំ ហើយប្រាប់ខ្ញុំថាមីងចង់ធ្វើការងារច្រើនជាមួយក្មួយចៅហ្វាយស្រុកលើការងារកសិកម្មនៅបន្ទាយស្រីយើង!

មីងឡាយ, មីងហត់ហើយ! សោកស្តាយដែលបានស្គាល់មីងត្រឹមតែប៉ុណ្ណេះ។ អំពើល្អរបស់មីង នឹងត្រូវបានចង់ចាំនៅក្នុងបេះដូងកសិករនៅក្នុងស្រុក ហើយផលបុណ្យដែលមីងបានសាងនឹងបានទៅដល់កូនៗរបស់មីងដែលត្រូវបន្តកិច្ចការទៅមុខទៀត។ សូមមីងទៅ"។





















ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan