ភ្នំពេញ ៖ បុរសម្នាក់បានស្វះស្វែងសូមឲ្យគេជួយ ដោយអះអាងថាខ្លួនមានជំងឺពោះវៀនដុះខ្នែង ហើយរត់ចេញពីមន្ទីរពេទ្យ ព្រោះតែក្រុមគ្រួសារគ្មានប្រាក់ សម្រាប់បង់ថ្លៃមន្ទីរពេទ្យ ភ្លាមៗនោះពេលបាលឺពាក្យសំដីនឹង ការយំទួញសោករបស់បុរសម្នាក់នោះហើយ បងប្អូនប្រជាពលរដ្ឋ ចិត្តល្អបានប្រមូលលុយបានជិត២០ម៉ឺនរៀលជូនដល់គាត់ ដើម្បីទៅព្យាបាលជំងឺ ដែលហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវសុរាម្រិត នៅចំណុចក្បែរនឹងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បុរសខាងលើមានឈ្មោះថា អួក វិចិត្រ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់ បច្ចុប្បន្ននៅក្បែរនឹងឧណ្ណាលោម មានស្រុកកំណើតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម។

បើយោងតាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ គេឃើញមានបុរសម្នាក់ អង្គុយយំយែក ព្រោះតែក្តីឈឺចាប់គ្មានប្រាក់ព្យាបាលជំងឺពោះវៀនដុះខ្នែង ទើបប្រជាពលរដ្ឋ នៅកន្លែងកើតហេតុគាត់បានពិបាកភ្នែកមើលពេក ក៏ប្រមូលលុយបានជិត២០ម៉ឺនរៀល ដើម្បីជូនដល់គាត់ យកទៅព្យាបាល។ បើតាមសំដីរបស់លោក អួក វិចិត្រ បានប្រាប់ថា ពោះវៀនដុះខ្នែងនេះ គឺគាត់បានកាត់ចោលហើយ តែមកដល់ពេលនេះ ស្រាប់តែវារើឡើងវិញ ហើយគាត់មិនមានប្រាក់សម្រាប់បងថ្លៃពេទ្យទេ ទើបរូបគាត់ចេញមកទាំងចុកចាប់ យកដៃឱបពោះ និងស្រែកឲ្យគេជួយ។

បន្ទាប់ពីប្រមូលលុយជូនគាត់ហើយនោះ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត ដឹកយកបុរសនោះទៅព្យាបាល តែដល់ពាក់កណ្តាលផ្លូវ ស្រាប់តែបុរសជើងល្អនោះ បានសុំចុះពីរថយន្តសង្គ្រោះរបស់មន្ទីរ រត់គេចខ្លួនបាត់ស្រមោល ទើបគេដឹងថា ជាជនបោកប្រាស់សោះ៕