ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ដើម្បីធានាថា...
ស៊ីហៀង
-

នៅថ្ងៃថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ ថាតើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបជូនថា៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាពផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យការបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំខ្នារថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែកផ្លូវ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួងស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែលប្ដូរពីផ្លូវAC ទៅផ្លូវបេតុងផងដែរ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ចំនួនបីកន្លែង ដោយមិនបានជូនដំណឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា៖ គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានចុះពិនិត្យទីតាំងដែលត្រូវបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្តតាមផ្លូវ ដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ នៅពេលធ្វើដំណើរឆ្លងកាត់ក្នុងទីប្រជុំជន ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ដែលបង្កឱ្យមានការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ៕

ប្រភព៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន