សហរដ្ឋអាមេរិក ផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន ៧.៥លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ
ស៊ីហៀង
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការរៀបចំពីប្រកាសព័ត៏មានស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោយអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីប្រកាសនោះ លោក Patrick Murphy បានជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧.៥លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន៥លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន២.៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹង ការការពារសុខមាលភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ, ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែកក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន ។

ក្នុងឪកាសនោះដែរ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ដែលជាកាយវិការប្រកប ដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ ។

នៅក្នុងបរិការណ៍នេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្ម ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ, ជួយសម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកបន្តថា វិធានការអន្តរគមន៍ចំនួន៣ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅ របស់កម្មករ-និយោជិត ដែលបម្រើការក្នុងវិស័យទាំងនេះ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ, ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ។ល។

លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូ វកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី ។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានគូសបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក។ ភាគីទាំងពីរសន្យានឹងបន្តខិតខំបន្តថែរក្សាចំណងមិត្តភាព ដែលមានជាយូរលុងណាស់មកហើយ រវាងប្រទេសទាំងពីរ និងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា៕