គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឲ្យបានជ្រាបថា ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ " Any SD" បានបង្ហោះវិដេអូជាសាធារណតាមបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថា បុគ្គលិកគ្រឹៈស្ថានអិលអូអិលស៊ី បាននិយាយគំរាមរឹមអូសម៉ូតូកង់បី ហើយគ្រឹៈស្ថានមិនបានសហការជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានលក្ខណៈបង្កាច់បង្ខូច បំផ្លើសការពិត និងទម្លាក់កំហុសមកលើគ្រឹៈស្ថាន ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ។
អាស្រ័យហេតុនេះ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឲ្យបានជ្រាបថា៖
១. ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ " Any SD" និងបុរសដែលបាននិយាយបំផ្លើសក្នុងវិដេអូ មិនមែនជាភាគីនៃកិច្ចសន្យាខ្ចីបរិភោគ ដែលត្រូវពាក់ព័ន្ធនឹងកាតព្វកិច្ចរវាងគ្រឹៈស្ថាន និងអតិថិជនឡើយ។ លើសពីនេះទៅទៀតបុគ្គលទាំងអស់ខាងលើពុំធ្លាប់មានទំនាក់ទំនង ឬ ពិភាក្សាដោះស្រាយជាមួយគ្រឹៈស្ថានឡើយ។
២. ជាក់ស្តែងអតិថិជនបាននិងកំពុងានការយឺតយ៉ាវលើការបង់សងប្រាក់កម្ចីចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ ហើយបុគ្គលិកគ្រឹៈស្ថានបានផ្តល់ដំណោះស្រាយដល់អតិថិជន ដោយឲ្យអតិថិជនដាក់ពាក្យស្នើរសុំរៀបចំឥណទានឡើងវិញ ចុះកិច្ចសន្យាបន្ថែម រួមនឹងតារាងកាលវិភាគបង់ប្រាក់ថ្មី ស្របតាមស្ថានភាពហិរញ្ញវត្ថុនិងលទ្ធភាពបង់សងជាក់ស្តែងរបស់អតិថិជន ប៉ុន្តែអតិថិជនរូបនេះមិនព្រមសហការធ្វើឯកសារខាលើជាមួយគ្រឹៈស្ថានឡើយ។
៣. អតិថិជនបានស្នើរឲ្យបុគ្គលិកគ្រឹៈស្ថានទៅជួបពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយនៅផ្ទះដែលមានទីតាំងនៃការថតវិដេអូនោះ។ ខណៈពេលដែលបុគ្គលិកបានទៅដល់ទីតាំងនោះ ស្រាប់តែបុគ្គលទាំងអស់ខាងលើបានចេញមកនិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ គ្រឹៈស្ថាន ធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ។
៤. ចំពោះការលើកឡើងថា បុគ្គលិកគ្រឹៈស្ថានបាននិយាយគំរាមរឹបអូសម៉ូតូកង់បី ហើយគ្រឹៈស្ថានមិនបានសហការជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលនោះគឺជារឿងមិនពិត។ កន្លងមកគ្រឹៈស្ថានតែងតែប្រកាន់យកការដោះស្រាយប្រកបដោយភាពទន់ភ្លន់ ការយោគយល់និងមានវិជ្ជាជីវៈ។
គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី អញ្ជើញអតិថិជនខាងលើចូលមកដោះស្រាយបំណុលជាមួយគ្រឹៈស្ថានដោយសន្តិវិធី ហើយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ " Any SD" និងបុគ្គលពាក់ព័ន្ធក្នុងវិដេអូខាងលើត្រូវធ្វើការលុបចោលនូវវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងសុំទោសជាសាធារណ ចំពោះទង្វើរខុសឆ្គងខាងលើ។
គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា កន្លងមកគ្រឹៈស្ថានបានផ្តល់ឥណទានរៀបចំឡើងវិញដល់អតិថិជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឹកូវីដ ១៩ ជាច្រើនម៉ឺននាក់ រួមមកហើយនៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការបង់សង និងជីវភាពរស់នៅរបស់អតិថិជន។
សូមទស្សនាវិដេអូទាំងអស់គ្នា៖