បើកគ្រប់ផ្លូវ ! រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យគ្រប់អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ចូលមកប្រទេសកម្ពុជា បានធម្មតា ប៉ុន្តែតម្រូវឱ្យមាន...
-

តាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា យោងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ លើសំណើរបស់ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ព្រមទាំងយោងតាមការវិវត្តន៍សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញនិងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា ដូចតទៅ៖

១. និរាករណ៍ការផ្អាកមិនឱ្យជនបរទេសមកពីប្រទេស អឺរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង អាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះ ថ្ងៃទី ១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

២. គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មានមេរោគកូវីដី១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី ក្នុងរយៈពេល៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះ មិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ ផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)។ ៣. អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ ទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់ និងជនបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនរកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍បាស្ទ័រ។

សេចក្តីប្រកាស បានបញ្ជាក់បន្ថែមថា ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើរ រួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ។ ក្នុងករណីអ្នកដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ១៩ អវិជ្ជមាន នោះ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តបញ្ជាក់ម្ដងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន ១២២នាក់ ប៉ុន្តែគិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ ទាំងអស់បានជាសះស្បើយហើយ (ជាសះ ស្បើយ១០០ភាគរយ) ដោយគ្មានករណីស្លាប់ ហើយក៏គ្មានករណីឆ្លងថ្មីដែរ ក្នុងនោះនៅក្នុងខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន០៧នាក់ រួមមាន ៖

១. បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលឆ្លងវីរុសកូវីដ១៩ពីជនជាតិជប៉ុន ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។

២. បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ ឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។

៣. បុរសជនជាតិឥណ្ឌូណេស៊ី អាយុ៤១ឆ្នាំ ឆ្លងវីរុសកូវីដ១៩នៅប្រទេសថៃ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។

៤. បុរសជនជាតិឥណ្ឌូណេស៊ី អាយុ៤៨ឆ្នាំ ឆ្លងវីរុសកូវីដ១៩នៅប្រទេសថៃ ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។

៥. បុរសជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរស់ក្នុងក្រុងសៀមរាប និងជាអ្នកបើករថយន្តឱ្យក្រុមអ្នកទេសចរបារាំង ចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។

៦. ស្រ្តីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប ឆ្លងពីប្ដី ជាបុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ដែលឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។

៧. ក្មេងប្រុសជនជាតិខ្មែរ អាយុ ១២ ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប ឆ្លងពីឪពុក ជាបុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ដែលឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីវិលត្រឡប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ និង ជាសះស្បើយហើយអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ៕  ដកស្រង់ចេញពី៖ មន្ទីរព័ត៌មានខេត្តសៀមរាប

សូមអានសេចក្តីប្រកាសនៅខាងក្រោម៖