ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ឆ្មក់បង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥ម៉៣០នាទី នៅចំណុច តូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំង ។

ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ ភូមិ ត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ វេលុយទ្រូម៉ាន់នីនិងកត់ឆ្នោត (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀ. ន) ។

ចំណែកវត្ថុតាងចាប់យក ៖ក្រដាសមានសរសេរលេខឆ្នោតវៀតណាមចំនួន០៣សន្លឹក , ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន ,ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំ ចំនួន០១,ប៊ិចពណ៍ខៀវមួយចំនួន,ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង,ទូរស័ព្ទដៃចាស់ចំនួន០២គ្រឿង និង លុយខ្មែរចំនួន២៩០០០០រៀល(ម្ភៃប្រាំបួនម៉ឺនរៀល)។

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌមានជ័យបានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៥ម៉៣០នាទី ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ០១កន្លែងស្ថិតនៅតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ឈ្មោះ ពេជ្រ ពន្លក ភេទ ប្រុស អាយុ ៣៩ ឆ្នាំ និង បានចាប់យកវត្ថុតាងខាងលេី បញ្ជូនមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕






ដោយ៖ ជីម ភារ៉ា