បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា ប្រធានអង្គការសុខភាពពិភពលោក កោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក តេត្រូ អ៊ែតហានូម ហ្គេប្រេយ៉េសស៊ុស (Tedros Adhanom) ប្រធានអង្គការសុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
តាមរយៈលិខិតនោះ ប្រធានអង្គការសុខភាពពិភពលោក បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែនការយុទ្ធសាស្ត្រប្រុងប្រៀបទុកជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសាកលរបស់អង្គការសុខភាពពិភពលោក។
ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ ជាពិសេស សូមកោតសរសើរចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ ការចូលរួម និងតួនាទីរបស់សម្ដេចតេជោ។
នៅក្នុងលិខិតនោះដែរបានឱ្យដឹងថា អង្គការសុខភាពពិភពលោក នៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នា ក្នុងការប្រឆាំងនឹងការរីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ។ សូមសម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»៕
ប្រភព៖ ផែង វណ្ណៈ