ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបេសកកម្ម ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦។
គម្រោងជួសជុលថែទាំកំណាត់ផ្លូវនេះ មានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ(AC)ចន្លោះពី៥ ទៅ ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ១០.៤២០.៥២២ ដុល្លារសហរដ្ឋអាមេរិក ចំណាយរយៈពេល១៨ខែ ជួសជុលថែទាំដោយក្រុមហ៊ុនPoly Changda Engineering Co.,Ltd ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនKorea Consultants International (KCI) បានចាប់ផ្ដើមអនុវត្តគម្រោងតាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះសម្រេចបាន៩៤%ហើយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ត្រីបានគួសបញ្ជាក់ថា៖ ក្រោយពីការត្រួតពិនិត្យរួចមកឃើញថា៖ ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវអាចទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទដ្ឋានដែលយើងចង់បាន។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំលើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបយើងអាច ធ្វើផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវបើកបរហួសល្បឿនកំណត់ដោយច្បាប់ កុំវ៉ាជែងគ្មានការប្រុងប្រយ័ត្ន កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងពេលបើកបរ កុំប្រើទូរសព្ទពេលបើកបរ ពាក់ខ្សែក្រវាត់និងពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវពេលបើកបរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន