សាធុ សាធុ សាធុ ! បដិមាព្រះគោដែលបាត់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញវិញ
ស៊ីហៀង
-

(ព្រះវិហារ)៖ បដិមាព្រះគោមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែមានគេលួចយកទៅបាត់ នៅពេលនេះ កម្លាំងនគរបាលស្រុកជាំក្សាន្តដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង សហការមួយអាជ្ញារធរភូមិ ក៏បានបើកប្រតិបត្តិការស្រាវជ្រាវភ្លាម និងរកឃើញវិញហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា យប់រំលងអាធ្រាត្រឈានថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានរកឃើញបដិមាព្រះគោ ដែលជាវត្ថុបុរាណសម្បត្តិបេតិកភណ្ឌរបស់ជាតិមកវិញ។

ពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត បានលួចយកពីកន្លែងទុកវត្ថុបុរាណនេះ ប៉ុន្តែដោយមានការភ្ញាក់រលឹក បុរសរូបនេះក៏ប្រគល់រូបព្រះគោមកឱ្យសមត្ថកិច្ចវិញ ដើម្បីឱ្យកម្លាំងជំនាញបេតិកភណ្ឌខេត្តព្រះវិហារ យកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍បន្តទៀត។

រាល់បដិមា រូបសំណាក រូបចម្លាក់ថ្មក្ដី ឈើក្ដី ឬវត្ថុបុរាណនានាផ្សេងទៀត គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ ដែលគួរតែត្រូវបានថែរក្សាការពារពីសមត្ថកិច្ច-ស្ថាប័នជំនាញ ដូច្នេះប្រជាពលរដ្ឋមិនគួរលួច ឬជួញដូរខុសច្បាប់នោះឡើយ ព្រោះជាទង្វើល្មើសច្បាប់ ដែលអាចមានទោសទណ្ឌដល់ខ្លួនឯង ហើយក៏ជាទង្វើបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិផងដែរ៕