កូវីដ១៩ មិនទាន់ចប់ផង ស្រាប់តែផ្ទុះឡើងនូវជំងឺអេបូឡាថ្មីនៅភាគពាយព្យរបស់ប្រទេស...
ស៊ីហៀង
-

សាធារណរដ្ឋកុងហ្គោបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺអេបូឡាថ្មីនៅភាគពាយព្យរបស់ខ្លួនកាលពីថ្ងៃច័ន្ទនេះ ដែលវាជាអាសន្នបន្ទាន់មួយផ្សេងទៀតសម្រាប់ប្រទេសដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះស្រាប់នៅភាគខាងកើត ក៏ដូចជាចំនួននៃការឆ្លងជំងឺ COVID-19 ។ វាជាការផ្ទុះឡើងលើកទី១១ នៅក្នុងប្រវត្ដិសាស្ដ្ររបស់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។ រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសបាននិយាយថា គិតមកទល់ពេលនេះមានមនុស្ស ៤នាក់ បានស្លាប់រួចមកហើយ ដោយសារជំងឺអេបូឡានៅក្នុងស្រុកមួយ នៅភាគពាយព្យនៃទីក្រុង Mbandaka ។

ការរីករាលដាលនៃជំងឺអេបូឡានៅភាគខាងកើតប្រទេស បានសម្លាប់មនុស្សចំនួន ២,២៨០ នាក់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ហើយក្រុមមន្រ្តីបានសង្ឃឹមថា នឹងអាចប្រកាសទីបញ្ចប់របស់វាបាននៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ ដោយសារពួកគេមិនមានករណីថ្មីរយៈពេល ៤២ ថ្ងៃមកហើយ។ នៅក្នុងការផ្ទុះឡើងថ្មីៗនេះមានករណីថ្មីចំនួន ៧ ត្រូវបានកត់ត្រា ក្នុងនោះរួមមានការស្លាប់ចំនួន ៤នាក់, ស្ថិតក្នុងការសង្គ្រោះ ២នាក់ និងអ្នកជំងឺម្នាក់ដែលបានរត់គេចខ្លួន។ ប្រទេសនេះក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ដែលបានសម្លាប់មនុស្សជាង ៦,០០០ នាក់ ចាប់តាំងពីដើមឆ្នាំ ក៏ដូចជាការផ្ទុះឡើងនៃជំងឺអាសន្នរោគ និងជំងឺគ្រុនចាញ់៕

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភពBAMGKOK POST