រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ចំពោះករណីបុគ្គលមួយក្រុមចំនួន១៧រូប មានគោលបំណងជិះកង់ពីខេត្តកោះកុងឆ្ពោះទៅរាជធានីភ្នំពេញ ដោយពាក់អាវមានស្លាកសញ្ញា "សង្រោះកោះកុងក្រៅ" ដើម្បីដាក់ញត្តិទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ការជិះកង់របស់បុគ្គលមួយក្រុមនេះមិនមែនជាការជិះកង់ដើរកម្សាន្តទេសចរណ៍នោះទេ ប៉ុន្តែជាការប្រមូលផ្តុំជិះកង់ក្នុងសារដែលស្របនឹងការបង្ហោះអំពាវនាវរបស់ទំព័រហ្វេសប៊ុក របស់អតីតអង្គការមាតាធម្មជាតិ ដែលអង្គការនេះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល តាមរយៈលិខិតលេខ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ការប្រមូលផ្តុំជិះកង់ជាក្រុមមានដំណើរច្រើនគីឡូម៉ែត្រ ត្រូវមានការសហការដើម្បីការពារសុវត្ថិភាព បង្ការគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ និងម្យ៉ាងវិញទៀត បុគ្គលមួយក្រុមនេះ ពុំបានជូនដំណឹងមកអាជ្ញាធរមូលដ្ឋានដើម្បីសហការឡើយ។ រីឯការជួបជុំនិងការប្រមូលផ្តុំក្នុងដំណាក់កាលកំពុងមានវិបត្តិកូវីដ ១៩ គឺផ្ទុយទៅនឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ សហការគ្រប់អង្គការ សមាគមស្របច្បាប់ និងយុវជនធ្វើសកម្មភាពផ្សព្វផ្សាយការពារសុវត្ថិភាពតាមគោលការណ៍នយោបាយជាតិ។ ចំពោះ"កោះកុងក្រៅ រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបញ្ជូនក្រុមមន្រ្តីជំនាញចុះធ្វើការសិក្សាស្រាវជ្រាវរៀបចំឯកសារ និងទិន្នន័យផ្សេងៗ ទា់ទងទៅនឹងតំបន់កោះកុងក្រៅនេះតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដើម្បីដាក់តំបន់នេះជា "ឧទ្យានជាតិសមុទ្រ" ព្រោះតំបន់នេះសម្បូរណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ និងឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស។ នៅក្នុងគម្រោងផែងការក្រសួងបរិស្ថានរំពឹងថា នឹងអាចប្រកាសតំបន់កោះកុងក្រៅនេះ ជា"ឧទ្យានជាតិសមុទ្រ" កំឡុងឆ្នាំ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។

ចំពោះសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យដែលបានចុះជួបក្រុមជិះកង់នេះ គឺដើម្បីវាស់កម្តៅ និងជាការសុំការសហការផ្តល់ព័ត៏មានជូនអាជ្ញាធរ ប៉ុន្តែក្រុមបុគ្គលនេះមិនចូលរួមសហការទើបអាជ្ញាធរឃាត់កង់របស់ពួកគាត់ទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះកុង មិនមែនជាកបំបិទសិទ្ធ រំលោភសិទ្ធបុគ្គលមួយក្រុមនោះទេ គឺដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីចូលរួមការពារការឆ្លងរាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។





