ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត។ មួយករណីថ្មីនេះ កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។
បើតាមក្រសួងសុខាភិបាល បុរសដែលរកឃើញមានមេរោគកូវីដ១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា។ បុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩នៅថ្ងៃទី០៦ ខែមិថុនា។ ការរកឃើញករណីឆ្លងថ្មីរប៉េះរប៉ោះៗនេះ បង្ហាញពីស្ថានភាពចម្លងវីរុសកូវីដ១៩ នៅកម្ពុជា មានការពិបាកប៉ាន់ស្មានពីលទ្ធផលនៃការចម្លងវីរុសនេះនៅក្នុងប្រទេស និងនៅតែជាហានិភ័យសុខភាពសាធារណៈ ដែលតម្រូវឲ្យបុគ្គលគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការការពារសុខភាពផ្ទាល់ខ្លួនជាប់ជានិច្ច។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីនេះ គឺលើបុរសជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជាយើង ដោយស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕