អ្នកទៅលេងវត្តភ្នំ ពេលយប់ សូមប្រុងប្រយ័ត្ន..ស្រីជើងល្អ៣នាក់ ធ្វើសកម្មភាពលុកស្ទាប លួចយកកាបូបលុយ ទូរស័ព្ទដៃពីជនរងគ្រោះ នៅចំណុចវត្តភ្នំ
-

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៩៤ កែងផ្លូវ១៣ ស្ថិតក្នុងភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសកម្មករសំណង់២នាក់ ត្រូវក្រុមបក្ខពួកចោរស្រី-ប្រុសជាច្រើននាក់ ធ្វើសកម្មភាព វាយប្លន់យកសម្ភារ:និងម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់។

ជនរងគ្រោះ ទី១-ឈ្មោះ ឆុន ឆើត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការសំណង់ មានទីលំនៅភូមិទួលវិហារមានជ័យ ឃុំក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះ ហោ វិសាល ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវាលបំពង់ ឃុំខ្ពកតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពុងចាម ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះជាមួយនឹងមិត្តភក្តិមានគ្នា២នាក់ បានចេញពីកន្លែងធ្វើការសំណង់ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1H7458  ជិះឌុបគ្នាចេញពី មជ្ឈមណ្ឌលកោះពេជ្រ រួចហើយគោលបំណងទៅវត្តភ្នំ ជិះដើរលេងបានមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានស្រីៗ៣នាក់ មិនស្គាល់អត្តសញ្ញាណ បានមកកាត់ម៉ូតូពីមុខ រួចហើយម្នាក់ទៀតបានឡើងជិះពីក្រោយ ចំណែកឯម្នាក់ទៀតបានកាក់ពីជំហៀង ហើយនិយាយថា ចង់បបួលជនរងគ្រោះ២នាក់ ទៅដេកជាមួយ ប៉ុន្តែជនរងគ្រោះអត់មានលុយ ហើយនិយាយថា អត់ទៅទេ ។

ខណៈពេលនោះជនរងគ្រោះភ្លេចខ្លួន ស្រាប់តែបាត់សម្ភារ: ដូចជាកាបូបលុយ សរុបជាទឹកប្រាក់៤០ដុល្លារ និងលុយខ្មែរចំនួន៤ម៉ឺនរៀល ថែមទាំងអត្តសញ្ញាណប័ណ្ណមួយនិងទូរស័ព្ទដៃមួយគ្រឿង ។ បន្ទាប់ពីលួចបានហើយស្រីក៏នាំគ្នារត់គេចខ្លួនបាត់តែម្តង ភ្លាមៗនោះ ក៏លេចមុខបុរសម្នាក់ ដែលមានឈ្មោះថា ហេង អ៊ិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅម្តុំអូឌឹម សង្កាត់កំបូល ខណ្ឌកំបូល ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1CO-1840 ជិះមកដល់ជិតជនរងគ្រោះ ហើយបានយកខ្សែច្រវាក់វាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកក្បាល ។ ក្នុងពេលនោះដែរ ជនរងគ្រោះក៏បានស្រែកថា ចោរៗ ហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន សួរនាំនៅប៉ុស្តិ៍ស្រះចក។