កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅខេត្ត មណ្ឌលគិរី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ បុគ្គលិក និងកម្មករ ជុំវិញខេត្តគិរីយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តមណ្ឌលគិរី ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការមេ និងគោលនយោបាយកាត់បន្ថយ តម្លៃដឹកជញ្ជូនឱ្យបានសមស្រប។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីគម្រោងសាងសង់ ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេស ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្ត ខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី បង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនសម្រេចបានលទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើ ទំនើបកម្មលើការបម្រើសេវាសាធារណៈ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរីទាំងអស់អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។
បន្ទាប់ពីពិធីសំណេះសំណាល និងសាកសួរសុខទុក្ខត្រូវបានបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអញ្ជើញ ចូលអុជធូបព្រះអង្គភ្នំដោះក្រមុំ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ មហាគ្រួសារក្រសួង សាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រជាជាតិខ្មែរទូទាំងប្រទេស និងចៀសផុតពី មេរោគកូវីដ-១៩៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន