ភ្លៀងមួយមេធំ លាយជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បានធ្វើឲ្យដើមឈើមួយដើមបាក់មែកសង្កត់លើរថយន្ត សំណាងល្អហើយ ដែលមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស
-

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១ និង៤០នាទី ដើមត្រសេកធំមួយដើម ត្រូវបានបាក់សង្កត់លើរថយន្តមួយគ្រឿង ក្រោយពីមេឃភ្លៀងមួយមេធំ រួមមកជាមួយខ្យល់បោកបក់យ៉ាងខ្លាំង តែសំណាងដែលមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ដែលហេតុការណ៍នេះកើតឡើងនៅចំណុច ក្បែរផ្សារសូរិយាម៉ល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ១៥៨ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ករណីភ្លៀងមួយមេនេះ បានបង្កឲ្យដើមឈើមួយដើមបានបាក់មែកធំ ធ្លាក់សង្កត់លើរថយន្តមួយគ្រឿងម៉ាក Rav4 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2G-5505 ខណៈពេលដែលម្ចាស់រថយន្តធ្វើដំណើរ បណ្តាលឲ្យខូចខាតផ្នែកខាងមុខដំបូលបន្តិចបន្តួច តែមិនបង្កឲ្យមានអ្នករងរបួសឡើង។

ជាមួយគ្នានោះផងដែរ​លោកអភិបាលខណ្ឌដូនពេញ  សុខ ពេញវុធ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងបាក់ដើមត្រសេកនៅចំណុចខាងលើភ្លាម លោកបានបញ្ជាឲ្យ កងកម្លាំងចុះជួយសម្រួលភ្លាមៗនៅកន្លែងកើតហេតុ និងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ផងដែរ៕

ដោយ៖ វិច្ឆ័យ