ស្ទឹងត្រែង៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស រហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលបានបា ញ់សម្លា ប់សត្វស្វាកន្ទុយស ដែលជាសត្វកម្រនៅខេត្តស្ទឹងត្រែងនៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនសង្ស័យដែលបានបា ញ់សម្លា ប់សត្វស្វាកន្ទុយសនេះ ឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន សត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែឆ្នៃ (កាំភ្លើ ងខ្យល់) ចំនួន០១ដើម។

ក្រោយសួរនាំ បច្ចុប្បន្នជំនាញព្រហ្មទណ្ឌនៃអាវុធហត្ថខេត្ត បានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យមន្ត្រីបរិស្ថានដើម្បីបន្តនីតិវិធី។បើតាមសេចក្ដីរាយការណ៍ សត្វស្វាកន្ទុយសនេះ គឺជាប្រភេទសត្វកម្រ ហើយនៅខេត្តស្ទឹងត្រែង សត្វប្រភេទនេះមានត្រឹមតែ៥ក្បាលប៉ុណ្ណោះ៕
