អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ ជូ លី ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី TRY MENG AN (តំណាងម្ចាស់បុរី) ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានម៉ាស៊ីនត្រជាក់ ០៣គ្រឿង ទូរទស្សន៍ ០១គ្រឿង កង្ហារ ០៤គ្រឿង ម៉ូទ័របូមទឹក ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។ អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ។

ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីកម្ពុជា-EDC" ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ




ប្រភព៖ អគ្គិសនីកម្ពុជា - EDC