តន្ត្រីករ និងជាកវីនិពន្ធបទ “ព្រះឥន្ទទាត់សី” ដែលនិពន្ធជូនលោក ចាន់ មករា ច្រៀងអង្រួនបេះដូងសម្តេចតេជោ ហ៊ុន សែន បានធ្លាក់ខ្លួនឈឺ ដោយជំងឺ...
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាធ្លាប់ឮបទចម្រៀង “ព្រះឥន្ទទាត់សី”  និង បទ“មេម៉ាយសប្បាយចិត្ត” តែលោកអ្នកប្រហែលជាមិនស្គាល់អ្នកនិពន្ធបទចម្រៀងនេះទេ គឺលោក លោក សូ វិសិដ្ឋ ពេលនេះ បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលលោកមានអាការៈងងឹតមុខ ពិបាកដកដង្ហើម ចុកក្នុងទ្រូង និងជាតិខ្លាញ់ក្នុងខ្លួនឡើងខ្លាំង។

យ៉ាងណាមិញ លោក សូ វិសិដ្ឋ បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា លោកមិនដែលមានអាការៈបែបនេះទេ គឺអស់កំលាំង​ល្ហិតល្ហៃ ហើយកាលពីម្សិលមិញ កំពុងតែជិះម៉ូតូ ស្រាប់តែបែកញើសជោគខ្លួន ហើយងងឹតមុខឈឹងតែម្តង។ ក្នុងពេលនោះ លោកក៏បានសម្រេចចិត្ត ឈប់ម៉ូតូ ហើយខលទៅបងប្អូន ដើម្បីយកគាត់ទៅមន្ទីរពេទ្យ។ ដោយសារតែជំងឺហាក់បីដូចជាធ្ងន់ធ្ងរ មន្ទីរពេទ្យឯកជននោះ មិនហ៊ានទទួលនោះទេ​ ហើយក៏បានបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយពិនិត្យរួចរាល់ លោកគ្រូពេទ្យក៏បានបញ្ជាក់ប្រាប់ថា គាត់មានជំងឺ គៀបសរសៃបេះដូង ជំងឺទឹកនោមផ្អែម លើសជាតិស្ករ និងជាតិខ្លាញ់ឡើងខ្លាំង ដែលត្រូវធ្វើការតាមដាន និងពិនិត្យច្រើនថ្ងៃទៀត ទើបបានធូរស្រាល។ ដោយសារតែជំងឺនេះ ធ្វើឲ្យលោកបាត់បង់នូវ បទចម្រៀង ១៤បទ និងថែមទាំង និពន្ធជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនបទត្រូវបានផ្អាកទាំងពាក់កណ្ដាលទី និងកម្មវិធីប្រគំតន្រ្តីជាច្រើនទៀត ត្រូវបានផ្ទេរទៅអ្នកផ្សេង។

សូមបញ្ជាក់ថា លោកគ្រូ សូ វិសិដ្ឋ គឺជាតន្ត្រីករ និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីមួយរូប បានធ្វើបទចម្រៀងដល់លោក លោកចាន់ មករា គឺបទ “ព្រះឥន្ទទាត់សី”  ហាក់ឡើងខ្ពស់តែម្តង ដោយទទួលបានការពេញចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំណូមពរឲ្យលោកបកស្រាយបទ «ព្រះឥន្ទទាន់សី» ក្នុងទិវាវប្បធម៌៣មីនា និងបានអង្រួនបេះដូងសម្តេចតេជោ ហ៊ុន សែន ឱ្យរំជើបរំជួល រហូតយកបាច់ផ្កាជូនលោក ចាន់ មករា ដែលកំពុងច្រៀងនៅលើឆាកតែម្តង។