ច្បាស់ការ១០០%ហើយ! សម្តេចហ៊ុន សែន បានសម្រេចឲ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហា សងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចអោយ កម្មករ - និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឲ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានចេញអនុក្រឹត្យសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយអំឡុងពេលនោះមន្រ្តីរាជការ កម្មករនិយោជិត ត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលមានការព្រួយបារម្ភថា អំឡុងពេលចូលឆ្នាំថ្មីនោះ បើសិនជាមានការអនុញ្ញាតឲ្យឈប់សម្រាក ពលរដ្ឋខ្មែរនឹងមានឱកាសជួបជុំគ្នាទទួលទានផ្សេងៗ ដែលងាយនឹងចម្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវនៅលើពិភពលោក ខណៈអំឡុងពេលនោះ កម្ពុជាទើបបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១៧ករណី ដែលភាគច្រើនជាករណីនាំចូល ប៉ុន្តែមិនទាន់ឆ្លងដល់សហគមន៍នៅឡើយ។

ទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕