ភ្នំពេញ៖ ក្នុងនាមជាស្រ្តីម្នាក់ និងជាម្តាយរបស់កូន អ្នកនាង ភិន សុដាលីស បានបំពេញតួនាទីយ៉ាងល្អ មិនឲ្យខ្វះចន្លោះអ្វីឡើយ សម្រាប់កូនស្រីបណ្តូលចិត្តតែម្នាក់របស់នាង ។ អ្នកនាង បានស៊ូទ្រាំនឿយហត់ កាត់ខ្យល់កាត់ភ្លៀង ប្រឹងប្រែងរកស៊ី មិនខ្លាចនឿយហត់ ប្រឹងជំនះគ្រប់ឧបសគ្គ មិនដែលរអ៊ូ មិនដែលធុញទ្រាន់ នៅក្នុងការចិញ្ចឹមបីបាច់មើលថែកូនស្រី ឲ្យរស់នៅក្នុងជីវិតដល់ល្អប្រសើរ មានគ្រប់សព្វបែបយ៉ាងដែលកូនចង់បាន ទោះត្រូវលំបាកខ្លាំងកម្រិតណា ក៏ម្តាយម្នាក់នេះ មិនដែលចុះចាញ់ឡើយ។
យ៉ាងណាមិញ អ្នកនាង ភិន សុដាលីស បានបង្ហោះសារយ៉ាងវែងអន្លាយ ផ្តោតសំខាន់ទៅលើខ្សែរជីវិតរបស់មនុស្សស្រី ក្នុងការជ្រើរើសគូរស្រករ ឬគូរជីវិត។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា "សម្រាប់មនុស្សស្រី រៀបការជាមួយអ្នកណាក៏មានទុក្ខដែរ
ទី១. រៀបការជាមួយបុរសអ្នកមាន
ហ៊ឺហាប៉ុន្តែឯកោ អាចរស់ស្រួល មានលុយ មានឡាន ផ្ទះធំទ្រនំខ្ពស់ ។ល។ ជីវិតបែបនេះគឺជាក្ដីស្រមៃរបស់មនុស្សស្រីជាច្រើនលើលោក។ ប៉ុន្តែបុរសមានលុយជាធម្មតានឹងត្រូវចំណាយពេលច្រើននៅខាងក្រៅ និងជប់លៀងមិនលោះថ្ងៃ។ រៀបការជាមួយបុរសបែបនេះ គឺប្រៀបដូចជារៀបការជាមួយទូរទស្សន៍ រៀបការជាមួយហាងសាឡន ជីវិតខាងក្រៅមើលទៅស្រណុកសុខស្រួលណាស់ ប៉ុន្តែក្ដីទុក្ខដែលលាក់នៅក្នុងចិត្ត តើអ្នកណាទៅអាចយល់បាន?
ទី២. រៀបការជាមួយបុរសសង្ហា
បុរសសង្ហាមុខមាត់ស្អាត បើទោះបីគេស្រលាញ់អ្នកតែម្នាក់ ប៉ុន្តែគេក៏ជាគោលដៅរបស់នារីៗដទៃដូចគ្នា។ បើបុរសរូបនោះចិត្តទូលាយតាមនោះដែរ អ្នកអាចត្រៀមប្រេងកូឡា ប្រេងខ្យល់ បំពង់ហឺតឲ្យហើយទៅ។
ទី៣. រៀបការជាមួយបុរសមានពេលវេលា
គេចូលធ្វើការ និងត្រលប់មកផ្ទះវិញទៀងពេល ពូកែធ្វើម្ហូប មានពេលដើរផ្សារទំនើបជាមួយអ្នក និងពូកែមើលកូនទៀត។ ស្វាមីបែបនេះ គឺជាស្វាមីក្នុងក្ដីស្រមៃរបស់មនុស្សស្រីជាច្រើន។ ប៉ុន្តែមានគុណវិបត្តិទេ? វាអាចមាន បើគាត់មានពេល ប៉ុន្តែអត់លុយ! អ្នកអាចនឹងត្រូវហត់នឿយក្នុងការចេញរកលុយជាមួយគាត់ដើម្បីទប់ទល់សេដ្ឋកិច្ចគ្រួសារ។ នៅពេលអ្នកឃើញនារីផ្សេងដែលមានប្ដីចិញ្ចឹមយ៉ាងល្អ មានជីវិតសុខស្រួល បើអ្នកចេះតែយកជីវិតទៅប្រៀបធៀបជាមួយគេ ជីវិតគូរបស់អ្នកនឹងគ្មានក្ដីសុខ។
ទី៤. រៀបការជាមួយមនុស្សប្រុសពូកែយកចិត្ត
មនុស្សប្រុសប្រភេទនេះច្រើនមានសម្ដីផ្អែម ប៉ិននិយាយស្ដីឲ្យអ្នករំភើប។ គ្រាន់តែអ្នកផ្លាស់ប្ដូរម៉ូដសក់ ផ្លាស់ប្ដូរស្ទីលស្លៀកពាក់ គេនឹងជាមនុស្សដំបូងដែលសរសើរអ្នកដោយសម្ដីដ៏ផ្អែម។ ប៉ុន្តែត្រូវចាំដែរថា មនុស្សប្រុសប្រភេទនេះមិនមែនពូកែយកចិត្តដាក់អ្នកតែម្នាក់ទេណា។ បើអ្នកមិនគិត មិនប្រកាន់អ្វី អ្នកក៏មិនពិបាកចិត្តដែរ ប៉ុន្តែជឿទៅ មនុស្សស្រីភាគច្រើនគឺពូកែគិតច្រើនណាស់ ពេលឃើញប្ដីនិយាយផ្អែម ឬសរសើរស្រីផ្សេង។
ទី៥. រៀបការជាមួយបុរសដ៏សាមញ្ញម្នាក់
គេស្មោះត្រង់ និងមិនចែករំលែកក្ដីស្រលាញ់ឲ្យនារីផ្សេង កែវភ្នែករបស់គេ ក៏មិនចេះបាញ់ដាក់នារីដទៃផ្ដេសផ្ដាស។ ប៉ុន្តែភាពសាមញ្ញរបស់គាត់ ពេលខ្លះក៏ក្លាយជាភាពសោះកក្រោះ។ ជួនកាលអ្នកទិញស្បែកជើងថ្មីមកពាក់មួយអាទិត្យហើយ គេក៏មិនសង្កេតឃើញផង។ យូរៗអ្នកនឹងមានអារម្មណ៍ថា គេជាមនុស្សមិនរ៉ូមែនទិក មិនចេះនិយាយផ្អែម ហើយកាន់តែគួរឲ្យខ្លាច បើថ្ងៃណាមួយ អ្នកមានចិត្តច្រណែនមិត្តភ័ក្ដិដែលមានប្ដីពូកែយកចិត្ត។
នៅលើលោកនេះគ្មានបុរសណាដែលមានទាំងលុយ ទាំងពេល គ្មានបុរសណាដែលពូកែយកចិត្តតែអត់មានចរិតព្រាន បើទោះជាមានក៏មិនងាយធ្លាក់មកដល់ដៃអ្នក ឬពុំដូច្នោះទេក៏គេមើលមិនឃើញអ្នកដែរ បើអ្នកមិនល្អសព្វគ្រប់ ឬមានគ្រប់យ៉ាងតាមដែលគេចង់បាន។
រៀបការជាមួយអ្នកណាក៏ជីវិតអ្នកគេចមិនផុតបញ្ហាដែរ អ្វីដែលសំខាន់ បើសម្រេចចិត្តជ្រើសរើសនរណាម្នាក់ហើយ អ្នកត្រូវទទួលយក និងសម្របខ្លួនតាមនោះ ព្រោះនេះជាជីវិតពិត មិនមែនប្រលោមលោកនោះទេ ៕