ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្តីពី ករណីវិជ្ជមានវីរុសកូវីដ ១៩ ថ្មី ចំនួន ០៣នាក់ និងមិនមានករណីជាសះស្បើយទេ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកដំណើរមកពីក្រៅប្រទេស ដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិក៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលនៃការតេស្តវត្ថុសំណាកសម្រាប់អ្នកដែលមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា គឺ មិនមានអ្នកវិជ្ជមានវីរុសកូវីដ ១៩ ថ្មី និងមិនមានអ្នកជាសះស្បើយ។
អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា៖
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តវត្ថុសំណាក ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប ១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស័រកម្ពុជា ចំនួន ១១៤៣នាក់ ដូចជាៈ
-អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន០៣នាក់ (១. ឯកឧត្តម សួស យ៉ារ៉ា ២.លោក ស ចិត្រា និង៣. ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងវៀតណាម) កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលក្រសួងបានចេញសេចក្តីប្រកាសព័ត៏មានរួចហើយកាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
-អ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១១៤០នាក់។
នៅសល់វត្ថុសំណាក ចំនួន២៣នាក់ ទៀត ដែលនឹងត្រូវវិភាគបន្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
បើគិតទាំងបុរសជាអង្គរក្សផ្ទាល់គណប្រតិភូហុងគ្រី ដែលរកឃើញថា វិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនសរុបអ្នកវិជ្ជមានវីរុសកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា គឺមាន០៤នាក់។
ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍ទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់ភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក នៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចង់ជាទីបំផុត ហើយកុំដើរចេញទៅក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលសហគមន៍។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០០នាក់ (ស្ត្រី៦០នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១២នាក់៕