ក្រសួងសុខាភិបាលប្រកាសហើយ បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ ជាទឹកប្រាក់ ពី ២០ម៉ឺនរៀល​ ដល់ ១លានរៀល​ ហើយនិងត្រូវ...
ស៊ីហៀង
-

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការសំខាន់ៗ ១០ចំណុច នៃការធ្វើចត្តាឡីស័កៈ 

១. នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ​ (ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬ ទីកន្លែងធ្វើចត្តាឡីស័ក)

២. តាមដានរោគសញ្ញានៃជំងឺ

 -​ វាស់កំដៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកំដៅលើសពី ៣៧.៥អង្សារ ឬ មានរោគសញ្ញាណាមួយដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។

៣. នៅដាច់ដោយឡែកពីសមាជិកគ្រួសារ

- រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/ បង្គន់ផ្សេងពីគ្រួសារ ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។

- ពាក់ម៉ាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ។

៤. ប្រើសម្ភារៈ ដោយឡែកពីសមាជិកគ្រួសារ

- ហាមប្រើសម្ភារៈរួមគ្នា ជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាត និងសាប៊ូ ឲ្យបានស្អាតល្អបន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ឲ្យបានស្អាត និងហាលថ្ងៃឲ្យបានល្អ។

៥. ​លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ 

- លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬ ប្រើអាល់កុល ឬ ដែលលាងដៃឲ្យបានញឹកញាប់ មុននិងក្រោយពេលចំអិនអាហារ មិននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់។

៦. ខ្ទប់មាត់ ច្រមុះនៅពេលក្អក ឬ កណ្តាស់

- ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬ ខ្ទប់នឹងកែងដៃ នៅពេលក្អក ឬ កណ្តាស់ រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសម្រាម ហើយលាងសម្អាតដៃភ្លាមៗ។

៧. បរិភោគម្ហូបអាហារដែលចំអិនបានល្អ

- ម្ហូបអាហារត្រូវចំអិនឲ្យបានល្អ ។ បរិភោគម្ហូបអាហារ មានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាំញ់ ជាតិប្រៃ នឹងជាតិផ្អែមដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។

៨. អនាម័យល្អក្នុងកន្លែងរស់នៅ នឹងរក្សាអារម្មណ៍នឹងនរ

-ធ្វើកិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណក្នុងផ្ទះ

-សម្អាតបន្ទប់រស់នៅផ្ទាល់ខ្លួន  បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ជារៀងរាល់ថ្ងៃ។

៩. បញ្ចប់ការអនុវត្តចត្តាឡីស័ក 

-អនុញ្ញាតឲ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវតាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់ ១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្តកូវីដ​១៩ អវិជ្ជមាន ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

១០. ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់

- បើអ្នកត្រូវការពិគ្រោះយោបល់ ឬ ជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាលដោយមិនគិតថ្លៃសេវា។

សំគាល់៖ បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ ជាទឹកប្រាក់ ពី ២០០,០០០រៀល​ ដល់ ១,០០០,០០០រៀល​ និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន តាមមាត្រាទី៩នៃអនុក្រឹត្យលេខ ១២៩ អនក្រ. បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល៕